(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ បានភ្ជាប់ពាក្យរួចហើយ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ជាមួយកូនកម្លោះឈ្មោះ កែវ ដេវីត។ បន្ទាប់ពីភ្ជាប់ពាក្យរួច អ្នកទាំងពីរ គ្រោងជ្រើសរើសថ្ងៃល្អ ដើម្បីរៀបអាពាហ៍ពិពាហ៍ ក្រោយស្ថានភាពជំងឺកូវីដ-១៩ (COVID-19) ស្ងប់ស្ងាត់។

លោក ស៊ន អេលីត បងប្រុសបង្កើតវីរកីឡាការិនីមានកម្ពស់ ១.៨៣ម៉ែត្រនេះ បានប្រាប់ Fresh News ផ្នែកកំសាន្តថា កីឡាការិនី សៀវម៉ី និងលោក កែវ ដេវីត បានភ្ជាប់ពាក្យរួចហើយ ប៉ុន្ដែថ្ងៃចូលរោងការ នៅមិនទាន់កំណត់ទេ ដោយរង់ចាំស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់សិន។ ប៉ុន្ដែពាក់ព័ន្ធថ្លៃបណ្ណាការបង្គាប់ប៉ុន្មាន មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។

ស៊ន សៀវម៉ី បានចូលប្រឡូកអាជីពកីឡាតេក្វាន់ដូរយៈពេលជាង ១០ឆ្នាំមកហើយ ដោយបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាច្រើន ដូចជាឈ្នះមេដាយមាសស៊ីហ្គេម ៣ជំនាន់ កាលពីឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងឆ្នាំ២០១៩ នៅហ្វីលីពីន។ អ្វីដែលគួរឲ្យចងចាំ គឺ សៀវម៉ី បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយកីឡាអាស៊ីលើកដំបូងជាតិ កាលពីឆ្នាំ២០១៤ នៅសាធារណៈរដ្ឋកូរ៉េ។

មិនតែប៉ុណ្ណោះ កីឡាការិនីវ័យ ២៤ឆ្នាំរូបនេះ ក៏ជាអត្តពលិកកម្ពុជាដំបូងគេ ដែលដណ្ដើមបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតេក្វាន់ដូ កាលពីឆ្នាំ២០១៦ នៅហ្វីលីពីន ដើម្បីទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលផងដែរ៕