(វ៉ាស៊ីនតោន)៖ Space Shuttle គឺជាយានអវកាសអាចប្រើប្រាស់ឡើងវិញបានរបស់ទីភ្នាក់ងារអវកាស NASA សម្រាប់ដឹកជញ្ជូនអវកាស យានិកឡើងទៅកាន់ទីអវកាស ប៉ុន្តែកម្មវិធីយានអវកាសនេះត្រូវបានបញ្ចប់កាលពីឆ្នាំ២០១១។ ដូច្នេះមានអ្នកខ្លះឆ្ងល់ថា តើនាពេលនេះ ពួកវាទៅណាបាត់អស់ហើយ។

នៅក្រោមកម្មវិធី Space Shuttle អង្គការ NASA មានយានអវកាសនេះសរុបចំនួន០៦គ្រឿង។ យាន Space Shuttle ដែលចូលនិវត្តន៍ គឺបាន ស្ថិតក្រោមការតាំងបង្ហាញជាសាធារណៈចាប់ពីឆ្នាំ២០១៣រហូតមក។ បច្ចប្បុន្ន យាន Space Shuttle ចំនួន០៤គ្រឿង មានវត្តមាននៅតាម សារមន្ទីរវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិក៖

* យាន Space Shuttle ឈ្មោះ «Enterprise»។ យាន Space Shuttle នេះ គឺជាយានគំរូដែលពុំធ្លាប់ឡើងទៅក្នុងទីអវកាសឡើយ ប៉ុន្តែត្រូវបាន ប្រើប្រាស់សម្រាប់ការធ្វើតេស្តហោះសំកាំងខ្លួន ដើម្បីចុះចត។ ការហោះហើរលើកដំបូងរបស់យានមួយនេះ គឺកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៧ និងលើកចុងក្រោយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។ បច្ចុប្បន្ន វាស្ថិតនៅសារមន្ទីរ Intrepid Sea, Air & Space Museum ក្នុង ទីក្រុងញូយ៉កស៊ីធីនៃរដ្ឋញូយ៉ក។

* យាន Space Shuttle ឈ្មោះ «Discovery»។ យាន Space Shuttle នេះ បច្ចុប្បន្ន ស្ថិតនៅសារមន្ទីរ National Air and Space Museum ក្នុង រដ្ឋវើជីនា។ ការហោះហើរលើកដំបូងរបស់យានមួយនេះ គឺកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៤ និងលើកចុងក្រោយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។

* យាន Space Shuttle ឈ្មោះ «Atlantis»។ យាន Space Shuttle នេះ បច្ចុប្បន្ន ស្ថិតនៅសារមន្ទីរនៃមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុង រដ្ឋផ្លូរីដា។ ការហោះហើរលើកដំបូងរបស់យានមួយនេះ គឺកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៨៥ និងលើកចុងក្រោយកាលពី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១។

* យាន Space Shuttle ឈ្មោះ «Endeavour»។ យាន Space Shuttle នេះ បច្ចុប្បន្ន ស្ថិតនៅសារមន្ទីរនៃមជ្ឈមណ្ឌលវិទ្យាសាស្រ្ត California Science Center ក្នុងទីក្រុងឡូសអាន់ជែលឡែស នៃរដ្ឋកាលីហ្វរញ៉ា។ ការហោះហើរលើកដំបូងរបស់យានមួយនេះ គឺកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៩២ និងលើកចុងក្រោយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១។

ចុះយាន Space Shuttle ពីរទៀតវិញ? យាន Space Shuttle ពីរទៀត គឺ Challenger និង Columbia បានផ្ទុះឆេះ ពេលកំពុងធ្វើបេសកកម្ម បណ្តាលឲ្យអវកាសយានិកសរុប១៤នាក់បាត់បង់ជីវិត។ Challenger បានផ្ទុះឆេះពេលកំពុងបាញ់ឡើងចេញពីផែនដីកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ ខណៈ Columbia បានផ្ទុះឆេះ ពេលត្រឡប់ចុះមកផែនដីវិញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៣។

គួរជម្រាបថា តាំងតែពីការបិទបញ្ចប់កម្មវិធីយាន Space Shuttle នៅឆ្នាំ២០១១ ទីភ្នាក់ងារអវកាស NASA បានពឹងផ្អែករហូតមក ទៅលើរ៉ុក្កែត និងយានរបស់ប្រទេសរុស្ស៉ី ដើម្បីបញ្ជូនអវកាសយានិករបស់ខ្លួនឡើងទៅទីអវកាស ប៉ុន្តែនាពេលនេះ NASA កំពុងត្រៀមខ្លួនដើម្បីបញ្ជូន ក្រុមអវកាសយានិករបស់ខ្លួន ឡើងទៅទីអវកាស ដោយប្រើរ៉ុក្កែតនិងយានអវកាសរបស់អាមេរិក ចេញពីទឹកដីអាមេរិក ជាថ្មីឡើងវិញ៕

ប្រភព៖ សារព័ត៌មាន Fox Business (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០)