(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ កញ្ញា ហេង វិមាន ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា នាងជានរណា? តារាស្រីសាច់សខ្ចី ច្រមុះស្រួចដួងនេះ គឺជាតារាចម្រៀង និងជាតារាសម្តែង មានឈ្មោះល្បីគួរសមមួយរូប ដែលមានទេពកោសល្យ ផ្នែកសិល្បៈគួរឲ្យកត់សម្គាល់ ជាពិសេសមានទឹកសំឡេងពីរោះរណ្តំចិត្តតែម្តង។ ចូលសិល្បៈច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះមានឱកាស បានចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្មល្បី «តាស្រង់ ស្ទូឌីយោ» គួរឲ្យស្ងើចសរសើរ។ តើតារាចម្រៀង ហេង វិមាន មានប្រវត្តិសិល្បៈតស៊ូយ៉ាងណា ?

ជាការពិតពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News បានអញ្ជើញតារាកិត្តិយសប្រុសស្រី ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងបង្ហាញពីប្រវត្តិជីវិត ការតស៊ូពុះពារឧបសគ្គក្នុងវិថីសិល្បៈឲ្យទស្សនិកជនបានជ្រាប។ ក្នុងសប្តាហ៍នេះតារាស្រី ហេង វិមាន នឹងចូលមកបកស្រាយពីប្រវត្តិសិល្បៈ និងអាថ៌កំបាំងនានា ដល់ទស្សនិកជន។

តារាចម្រៀង កញ្ញា ហេង វិមាន ថ្មីៗនេះត្រូវបានផលិតកម្មដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមិត្តយុវវ័យ «តាស្រង់ស្ទូឌីយោ» ជ្រើសរើសឲ្យចូលធ្វើតារាចម្រៀង ក្នុងផលិតកម្មរបស់ខ្លួន។ ឱកាសចូលទ្រនំ «តាស្រង់ ស្ទូឌីយោ» ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យ ហេង វិមាន កាន់តែមានភាពល្បីល្បាញ ពេញមុខពេញមាត់ក្នុងវិស័យសិល្បៈ ព្រោះកន្លងមកផលិតកម្មនេះ បានធ្វើឲ្យតារាចម្រៀងជាច្រើនរូប ល្បីល្បាញ មានឈ្មោះជាតារាជួរមុខក្នុងវិស័យចម្រៀង ដូចជា កញ្ញា តន់ ច័ន្ទសីម៉ា, កុមារី អ៊ុក សុវណ្ណារី និងកុមារា ធឿន បុរី ជាដើម។

យ៉ាងណាមិញ សម្រាប់អាថ៌កំបាំងផ្ទាល់ខ្លួន ប្រវត្តិសិល្បៈរបស់កញ្ញា ហេង វិមាន យ៉ាងណានោះ នាងនឹងបកស្រាយ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០៕