(ក្រុងឡុងដ៍)៖ លីគបាល់ទាត់អង់គ្លេស EFL បន្តរកឃើញ ៣ករណីថ្មីនៃជំងឺ COVID-19 បន្ថែមទៀត នៅអំឡុងធ្វើតេស្ត មុនពេលចាប់ផ្តើមប្រកួតឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ The Sun នៅថ្ងៃសុក្រ ទី២៩ ខែឧសភានេះ។
៣ករណីថ្មីខាងលើនេះ គឺបានរកឃើញចំពោះកីឡាករ ៣នាក់មកពីក្លិប Blackburn Rovers និង Fulham ដែលបានកំពុងលេងក្នុងក្របខណ្ឌ Championships ដែលជាលីគទី២ នៅអង់គ្លេសបច្ចុប្បន្ន ដោយក្នុងនោះ កីឡាករ Elliott Bennett ប្រធានក្រុម Blackburn និង ២នាក់ទៀតមកពី Fulham ក្នុងចំណោម ៧១ក្លិបដែលបានធ្វើតេស្តរក COVID-19។
យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២០បានឲ្យដឹងថា ការធ្វើតេស្តវីរុស COVID-19 នៅក្នុងការវិលត្រលប់ចូលទីលានហ្វឹកហាត់នៃក្របខណ្ឌបាល់ទាត់អង់គ្លេស លំដាប់ទី២ នៃពានរង្វាន់ EFL បានរកឃើញ ៣ករណីបន្ថែមទៀតក្នុងនោះមានកើតលើប្រធានក្រុម Blackburn នឹងសមាជិកកីឡាករក្រុម Fulham ក្នុងចំណោមការធ្វើតេស្តចំនួន ៧១ក្រុម ស្មើនឹង ១០៣០នាក់។
ការធ្វើតេស្តវីរុស COVID-19 មុនការវិលចូលទីលានហ្វឹកហាត់នៃក្រុមស្ថិតក្នុងពានលំដាប់ទី២ ដែលត្រូូវបានរកឃើញវិជ្ជមាននោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ តែពួកគេបានធ្វើការផ្តាច់ខ្លួននៅដោយឡែក ស្របទៅតាមការណែនាំរបស់សហព័ន្ធ EFL និងរាជរដ្ឋាភិបាលអង់គ្លេសហើយដែរ។
អង់គ្លេស បន្តរកឃើញ COVID-19 ជាបន្តបន្ទាប់ទៅលើបុគ្គលិកក្លិប និងកីឡាករ តួយ៉ាងក្លិប Hull City ក៏បានរកឃើញ ២ករណីថ្មីចន្លោះការតេស្តពីថ្ងៃចន្ទ ដល់ថ្ងៃពុធក្នុងចំណោមការធ្វើតេស្តទៅលើមនុស្ស ចំនួន ២៧៥២នាក់ រកឃើញមាន ១២ករណីតេស្តវិជ្ជមានរួមទាំង Premier League ផងដែរ៕