(បរទេស)៖ ចំណុចហៅថា The Challennger Deep នៅឯអន្លង់ម៉ារីយ៉ាណា (Mariana Trench) គឺជាកន្លែងដែលមនុស្សយើងរកឃើញថា មានជម្រៅជ្រៅជាងគេបំផុត ក្នុងចំណោមកន្លែងជ្រៅៗផ្សេងទៀត នៅក្នុងមហាសមុទ្ររបស់ផែនដី។
អន្លង់ Mariana ស្ថិតនៅប៉ែកខាងលិច នៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងជើង ចន្លោះប្រទេសហ្វីលីពីន និងកោះហាវៃ ក្បែរកោះ Guam។ ការវាស់វែងជម្រៅចំណុច The Challenger Deep នៃអន្លង់ Mariana ដែលត្រូវបានធ្វើឡើងនៅឆ្នាំ២០១២ ដោយក្រុមស្រាវជ្រាវអាមេរិក បានវាស់ឃើញជម្រៅជ្រៅបំផុត១១,០៣៥ម៉ែត្រ។ បើក្រឡេកមើលទៅលើភ្នំ Everest ដែលជាចំណុចខ្ពស់ជាងគេលើផែនដីវិញ គឺភ្នំ Everest មានកម្ពស់ត្រឹម៨,៨៤៨ម៉ែត្រប៉ុណ្ណោះ។
ការវាស់ជម្រៅអន្លង់ Mariana ត្រូវបានធ្វើឡើងជាលើកដំបូងបំផុត ដោយកប៉ាល់ឈ្មោះ HMS Challenger ដែលត្រូវបានប្រើប្រាស់ដោយ យោធាជើងទឹកចក្រភពអង់គ្លេស ដើម្បីធ្វើការស្រាវជ្រាវអំពីអន្លង់បាតសមុទ្រមួយនេះ កាលពីឆ្នាំ១៨៧៥។ ជម្រៅជ្រៅបំផុត ដែលត្រូវបាន កត់ត្រានាពេលនោះ គឺ៨,១៨៤ម៉ែត្រ។
ជិតមួយសតវត្សរ៍ក្រោយមក គឺនៅឆ្នាំ១៩៥១ កប៉ាល់យោធាជើងទឹកចក្រភពអង់គ្លេសមួយគ្រឿងទៀត ប៉ុន្តែមានឈ្មោះ HMS Challenger ដដែល បានត្រឡប់ទៅកាន់តំបន់នោះសារជាថ្មី ដើម្បីធ្វើការវាស់វែងជម្រៅបន្ថែម។ ពួកគេក៏បានរកឃើញចំណុចដែលកាន់តែជ្រៅជាងមុន ទៅទៀតនៅអន្លង់ Mariana គឺ១០,៩០០ម៉ែត្រ តាមរយៈការប្រើប្រាស់បច្ចេកទេសហៅថា Echo sounding។
ចំណុចនោះ ក៏ត្រូវបានដាក់ឈ្មោះឲ្យថា The Challenger Deep គឺតាមកប៉ាល់របស់យោធាជើងទឹកចក្រភពអង់គ្លេស ដែលបានធ្វើការវាស់វែងជម្រៅនៅអន្លង់ Mariana។ បន្ទាប់មក នៅឆ្នាំ២០០៩ ការវាស់ប្រើបច្ចេកទេសស្រដៀងគ្នាដោយកប៉ាល់ RV Kilo Moana របស់សាកលវិទ្យាល័យហាវ៉ៃ បានកំណត់ថា The Challenger Deep មានជម្រៅ១០,៩៧១ម៉ែត្រ ហើយនៅឆ្នាំ២០១០ ការវាស់ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Coastal & Ocean Mapping របស់សហរដ្ឋអាមេរិក បានកំណត់ថា វាមានជម្រៅ១០,៩៩៤ម៉ែត្រ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ តាមការចុះផ្សាយរបស់សារព័ត៌មាន scientificamerican បានសរសេរថា ជម្រៅ ១១,០៣៥ម៉ែត្រ។
គួរជម្រាបថា ចំណុច The Challenger Deep នៃអន្លង់ Mariana ត្រូវបានមនុស្សចុះទៅដល់ជាលើកដំបូង ដោយប្រើយានមុជទឹកកាលពី ឆ្នាំ១៩៦០ ហើយចាប់តាំងពីនោះមកមានការបញ្ជូនយានមុជទឹកដែលមានមនុស្ស និងគ្មានមនុស្ស ជាបន្តបន្ទាប់ទៅកាន់ចំណុចនោះ។ អន្លង់ក្រោមបាតសមុទ្រដូចជា Mariana Trench កើតមានឡើងដោយសារបាតុភូតនៅពេលដែលស្រទាប់ដីក្រោមបាតសមុទ្រប៉ះទង្គិចគ្នា៕