(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ Channel News Asia នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានក្របខណ្ឌលីគបាល់ទាត់អង់គ្លេស Premier League បានលើកឡើងថា សម្រាប់ក្រុមអ្នកគាំទ្រអាចវិលចូលទស្សនាការប្រកួតបានឡើងវិញនៅរដូវកាល២០២០-២០២១ នៅពេលដែលវិបត្តិ COVID-19 ធ្លាក់ចុះដែលត្រូវធ្វើទៅដោយជាជំហានៗសិន។
លោក Richard Masters បានលើកឡើងកាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថា ក្រុមអ្នកគាំទ្រអាចវិលចូលទស្សនាការប្រកួតវិញបានដោយធ្វើទៅតាមលក្ខណ:ជាជំហានៗ ខណៈការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០នេះ គ្រោងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីការលេងបិទទ្វារកីឡដ្ឋានដែលស្របទៅតាមការការពារ COVID-19 ឲ្យបន្តធ្លាក់ចុះ និងធានាសុខសុវត្ថិភាព។
គួរបញ្ជាក់ផងថា លីគកំពូល Premier League ក្នុងរដូវកាល២០១៩-២០២០ ត្រូវបានផ្អាកដោយវិបត្តិវីរុស COVID-19 តាំងពីខែមីនាមកម្ល៉េះ ដោយប្រកួតបានសប្តាហ៍ទី២៩ នៅសល់ ៩ប្រកួតត្រូវបញ្ចប់។
ហង្សក្រហម Liverpool រកបាន ៨២ពិន្ទុដែលជាលទ្ធផលខ្ពស់ក្នុងការលើកពានរង្វាន់នេះ តែលោកប្រធានលីគបានបន្តថា សម្រាប់គម្រោងបន្តឡើងវិញនេះគឺស្ថិតក្នុងការព្រួយបារម្ភជុំវិញរលកទី២ នៃ COVID-19 ដែលអាចធ្វើឲ្យការប្រកួតត្រូវបានផ្អាកម្តងទៀតក៏ថាបាន៕