(គៀវ)៖ លីកបាល់ទាត់អាជីពកំពូលរបស់អ៊ុយក្រែន បានប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា ខ្លួនបានលុបចោលការប្រកួតមួយ ក្នុងចំណោមការប្រកួតបិទទ្វារ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីកីឡាករ និងបុគ្គលិកជាច្រើននាក់ នៅក្លឹបបាល់ទាត់ Karpaty ភាគខាងលិច នៃទីក្រុង Lviv បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុស COVID-19 នេះ។
សារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែឧសភានេះ បានឲ្យដឹងថា ការប្រកួតបាល់ទាត់ ដែលត្រូវបានលុបចោលនោះ គឺជាការប្រកួតរវាងក្លឹបបាល់ទាត់ Karpaty និងក្លឹប Mariupol ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ដោយការប្រកួតបិទទ្វារ (មិនមានអនុញ្ញាត ឲ្យមានអ្នកចូលទស្សនា)។
អាជ្ញាធរបាល់ទាត់ មិនបានបញ្ជាក់ច្បាស់ពីចំនួនកីឡាករ ដែលបានឆ្លងវីរ៉ុសនោះទេ ហើយពេលវេលានៃការប្រកួតជាថ្មី ក៏មិនទាន់បានប្រាប់ដែរ។
លីកកំពូលបានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍ថា «អ្នកដែលបានឆ្លងវីរ៉ុសទាំងអស់ ត្រូវបានបញ្ជូនភ្លាមៗ ឲ្យទៅរស់នៅដាច់ដោយឡែកពីគេ, ដោយពួកគេមិនមានរោគសញ្ញានោះឡើយ»។
រដ្ឋាភិបាលអ៊ុយក្រែន បានចាប់ផ្តើមបន្ធូរបន្ថយការរិតត្បិត ដែលបានដាក់អនុវត្ត កាលពីខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរ៉ុស COVID-19 ហើយបានអនុញ្ញាតឲ្យព្រឹត្តិការណ៍កីឡាទាំងអស់បន្តធ្វើឡើងវិញ ប្រសិនបើអ្នកចូលរួមទាំងអស់ ត្រូវបានធ្វើតេស្តរកមេរោគ ជាមួយតម្រូវការសុវត្ថិភាពផ្សេងទៀត។
គួរបញ្ជាក់ថា អ៊ុយក្រែន បានរាយការណ៍ថា មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន២៣,៣០៤ករណី ក្នុងនោះមានអ្នកជំងឺ៦៩៦នាក់បានស្លាប់ គិតត្រឹមថ្ងៃទី៣០ ខែឧសភានេះ៕