(បរទេស)៖ ជាទូទៅមនុស្សភាគច្រើនដឹងថា អវកាសយានិកអាមេរិកឈ្មោះ Neil Armstrong គឺជាមនុស្សដំបូងបំផុត ដែលបានឈានជើង ជាន់លើផ្ទៃព្រះច័ន្ទ ប៉ុន្តែសរុបមកវិញតើមានមនុស្សប៉ុន្មាននាក់ដែរ ដែលមានវាសនាធ្លាប់បានដើរនៅលើទីនោះ។
អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Neil Armstrong និងលោក Buzz Aldrin បានចុះទៅដល់លើផ្ទៃព្រះច័ន្ទជាលើកដំបូងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្ម Apollo 11។ ពេលនោះលោក Neil Armstrong ជាអ្នកចេញពីយានអវកាស ហើយឈានជើងជាន់លើដីព្រះច័ន្ទមុនគេ បន្ទាប់មកទើបលោក Buzz Aldrin បានចេញពីយានរួចចុះទៅតាមក្រោយ។ ពាក្យមួយឃ្លាដែល លោក Armstrong បាន និយាយនៅពេលជាន់ដីព្រះច័ន្ទជាលើកដំបូងគឺ «នេះជាជំហានតូចមួយរបស់បុរសម្នាក់ ប៉ុន្តែជាការបោះជំហានដ៏ធំមួយសម្រាប់មនុស្សលោកទាំងមូល» ត្រូវបានចារទុកជាប្រវត្តិសាស្រ្តរហូតទល់បច្ចុប្បន្ន។
យ៉ាងណាក្តី មិនមែនមានតែលោក Armrstrong និង លោក Buzz Aldrin ទេ ដែលធ្លាប់បានដើរលើផ្ទៃព្រះច័ន្ទ។ សរុបមកអវកាសយានិក១២នាក់ រួមទាំងលោក Armstrong និង លោក Aldrin គឺធ្លាប់បានចុះដើរនៅលើផ្ទៃព្រះច័ន្ទ។ មនុស្ស១០នាក់ទៀត បានចុះទៅដល់លើផ្ទៃព្រះច័ន្ទ តាមរយៈបេសកកម្ម Apollo ចំនួន៥ផ្សេងទៀតរបស់ NASA កាលពីចន្លោះឆ្នាំ១៩៦៩ និងឆ្នាំ១៩៧២។ បច្ចុប្បន្ន នៅសល់តែ៤នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតទល់សព្វថ្ងៃ។
ខាងក្រោមនេះគឺជាអវកាសយានិកទាំង១២នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលបានដើរលើផ្ទៃព្រះច័ន្ទ៖
* លោក Neil Armstrong - បេសកកម្ម Apollo 11 ឆ្នាំ១៩៦៩
* លោក Buzz Aldrin - បេសកកម្ម Apollo 11 ឆ្នាំ១៩៦៩
* លោក Pete Conrad - បេសកកម្ម Apollo 12 ឆ្នាំ១៩៦៩
* លោក Alan Bean - បេសកកម្ម Apollo 12 ឆ្នាំ១៩៦៩
* លោក Alan Shepard - បេសកកម្ម Apollo 14 ឆ្នាំ១៩៧១
* លោក Edgar Mitchell - បេសកកម្ម Apollo 14 ឆ្នាំ១៩៧១
* លោក David Scott - បេសកកម្ម Apollo 15 ឆ្នាំ១៩៧១
* លោក James Irwin - បេសកកម្ម Apollo 15 ឆ្នាំ១៩៧១
* លោក John Young - បេសកកម្ម Apollo 16 ឆ្នាំ១៩៧២
* លោក Charles Duke - បេសកកម្ម Apollo 16 ឆ្នាំ១៩៧២
* លោក Gene Cernan - បេសកកម្ម Apollo 17 ឆ្នាំ១៩៧២
* លោក Harrison Schmitt - បេសកកម្ម Apollo 17 ឆ្នាំ១៩៧២
គួរជម្រាបថា បន្ទាប់ពីបេសកកម្ម Apollo 17 ទីភ្នាក់ងារអវកាស NASA មិនបានបញ្ជូនអវកាសយានិកឲ្យចុះទៅលើផ្ទៃព្រះច័ន្ទតទៀតឡើយ។ ប៉ុន្តែបច្ចុប្បន្ន NASA មានគម្រោងដើម្បីបញ្ជូនអវកាសយានិកទៅកាន់ទីនោះសាជាថ្មី នៅឆ្នាំ២០២៤ ខាងមុខ៕
ប្រភព៖ វែបសាយព័ត៌មាន Metro (ដកស្រង់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)