(ភ្នំពេញ)៖ កញ្ញា ហេង វិមាន គឺជាតារាចម្រៀងពន្លកថ្មីមួយរូប ដែលទើបតែត្រូវបានលោក យឹម តាស្រង់ ផ្តល់ឱកាសឲ្យចូលច្រៀងជាតារាចម្រៀងពេញសិទ្ធិ ក្នុងផលិតកម្មតាស្រង់ស្ទូឌីយោ។ ទំរាំបានចូលជាតារាចម្រៀង កញ្ញា ហេង វិមាន ឆ្លងកាត់ការងារជាច្រើន ទាំងការដើរច្រៀងតាមភោជនីយដ្ឋាន រៀនជំនាញកែសម្ផស្សបណ្តើរ និងធ្វើការបណ្តើរ។ តារាចម្រៀង ហេង វិមាន និយាយថា ទោះអាជីពសិល្បៈជាអ្វី ដែលនាងប្រាថ្នាតាំងពីកុមារភាពក្ដី តែគ្រួសារនាង បានបដិសេធ មិនឲ្យដើរក្នុងវិថីនេះឡើយ ជាមូលហេតុធ្វើឲ្យនាងបង្ខំចិត្ត លាក់បាំងគ្រួសាររយៈពេល២ឆ្នាំ ពីអាជីពសិល្បៈ។

ការលើកឡើងបែបនេះ ពីសំណាក់កញ្ញា ហេង វិមាន គឺតាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News. ឆ្លើយតមនឹងការសាកសួរពីសំណាក់ ពិធីករ-ពិធីការិនី, កញ្ញា ហេង វិមាន បានរំឭកពីប្រវត្តិរបស់ខ្លួនថា កាលពីជាង៣ឆ្នាំមុន នាងបានមករស់នៅទីក្រុងភ្នំពេញ ដើម្បីរៀនផ្នែកសាឡន។ កាលណោះ ពេលថ្ងៃរៀន ពេលយប់ឆ្លៀតទៅច្រៀងតាមភោជនីដ្ឋាន ដើម្បីសន្សំកម្រៃទុកបើកហាងសាឡន ពេលរៀនចប់។ នាងថា ការងារពេលយប់នេះ មិនត្រូវបានទម្លាយប្រាប់ឪពុកម្តាយដឹងឡើយ ព្រោះយល់ថា ឪពុកម្តាយនាងមិនពេញចិត្ត មិនចង់ឲ្យនាងដើរយប់ ព្រោះខ្លួនជាស្រី។

លុយសន្សំ២ឆ្នាំ ក្រោយមកកញ្ញា ហេង វិមាន ក៏ត្រូវបានបណ្តាស្ថានីយទូរទស្សន៍ទាក់ទងឡើងច្រៀង។ ពេលវេលានោះ អ្នកភូមិបានឃើញនាងឡើងច្រៀង ហើយក៏ជាពេលដែលឪពុកម្តាយរបស់នាង ដឹងពីការការចូលសិល្បៈរបស់នាងដែរ។ ទោះមានការស្រងាកចិត្តបន្តិចមែន តែឪពុកម្តាយរបស់នាង មិនហាមឃាត់កូនឡើយ ពោលគឺបណ្តោយតាមចិត្តចង់តែម្តង។

រំឭកពីវិស័យចម្រៀង ហេង វិមាន បានបញ្ជាក់បន្ថែម ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា កន្លងមកនាងបានយកចម្រៀងចាស់ៗ របស់រៀមច្បងមកច្រៀង Cover ព្រោះមិនមានចម្រៀងផ្ទាល់ខ្លួនឡើយ ហើយនាងក៏មិនធ្លាប់ចូលរួមប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងល្បីៗពីមុនមកដែរ។ រហូតមកទល់បច្ចុប្បន្ន ក្រោយពីបានចូលធ្វើជាតារាចម្រៀង ប្រចាំក្នុងផលិតកម្ម «តាស្រង់ស្ទូឌីយោ» នាងក៏មានចម្រៀង Original ផ្ទាល់ខ្លួនប្រមាណ៣បទ ដែលត្រៀមបញ្ចេញក្នុងថ្ងៃខាងមុខ។

តារាចម្រៀង ហេង វិមាន បន្ថែមថា ចម្រៀងភាគច្រើនដែលគ្រោងបញ្ចេញ នៅថ្ងៃខាងមុខ គឺជាប្រភេទបទមនោសញ្ចេតនាស្នេហាកម្សត់។ ហេង វិមាន បង្ហាញក្តីសង្ឃឹមថា នឹងមានភាពល្បីល្បាញ តាមរយៈចម្រៀងទាំងនោះ ព្រោះសុទ្ធសឹងតែជាស្នាដៃល្អ អ្នកនិពន្ធសម្រិតសម្រាំងមក។

គួរជម្រាបថា កញ្ញា ហេង វិមាន ដែលមានរូបសម្រស់ស្រស់សោភា រាងខ្ពស់ស្រឡះដូចតារាម៉ូដែល ក្រៅពីមានអាជីពជាតារាចម្រៀងដូចបច្ចុប្បន្ន នាងក៏ជាម្ចាស់ហាងសាឡនមួយកន្លែងផងដែរ។ តារាស្រីរូបនេះ នឹងមានចម្រៀងបែបយុវវ័យជាច្រើនបទ សម្រាប់កំដរអារម្មណ៍ទស្សនិកជន នាពេលឆាប់ៗខាងមុខនេះ៕