(ប៊ែកឡាំង)៖ លោក Joachom Low គ្រូបង្វឹកនៃក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់បានលើកឡើងថា ក្រុមបាល់ទាត់ ក៏ដូចជាលីគ Bundesliga របស់អាល្លឺម៉ង់ បានឈានដល់ចំណុចកំពូលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងក្រុមដទៃទៀតដែលស្ថិតក្នុងទ្វីបអឺរ៉ុបជាមួយគ្នា។

លោក Low បានថ្លែងប្រាប់គេហទំព័រ DFB ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Marca បានឲ្យដឹងថា «ក្នុងបាល់ទាត់ វាមានផ្នែកជាច្រើនដែលខុសប្លែកគ្នា គិតចាប់តាំងពីចំនួនអ្នកទស្សនាផងដែរ ហើយមានពេលខ្លះ ក៏មិនសប្បាយចិត្តដោយសារតែអ្នកគាំទ្រដែរ។ មួយវិញទៀត ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលដោយវិជ្ជមានចំពោះការលើកទឹកចិត្តខ្ពស់ពីកីឡាករ និងក្រុមទាំងមូលអំពីតួនាទីដែលពួកគេធ្វើបានល្អនាពេលបច្ចុប្បន្ន ដែលខ្ញុំអាចនិយាយបានថា យើងកំពុងធ្វើបានល្អហើយ»

គ្រូបង្វឹកដែលដឹកនាំអាល្លឹម៉ង់ឈ្នះជើងឯក World Cup 2014 នៅប្រទេសប្រេស៊ីលបានគូសបញ្ជាក់ថា ក្រោយ COVID-19 ស្ងប់ស្ងាត់ទៅវិញបន្តិច កីឡាករគ្រប់រូបពិតជាចង់វិលរកការប្រកួតឡើងវិញ ដើម្បីបញ្ចេញសមត្ថភាព និងរកគ្រាប់ស៊ុតបញ្ចូលទី និងមិនចង់របូតគ្រាប់បាល់ឡើយ។

គួរបញ្ជាក់ផងថា លីគកំពូល Bundesliga របស់អាល្លឹម៉ង់បានចាប់ផ្តើមឡើងវិញមុនគេក្នុងចំណោមលីគល្បីៗទាំង៥ នៅអឺរ៉ុប បន្ទាប់ពីផ្អាកជាបណ្តោះអាសន្នដូចគ្នាកាលពីខែពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិ COVID-19 ជាមួយវិធានការការពារខ្ពស់ តាមរយៈធ្វើតេស្តកីឡាករ និងបុគ្គលិកក្លិបមុនចូលទីលាន រក្សាគម្លាត និងប្រកួតបិទទ្វារកីឡដ្ឋានជាដើម៕