(ម៉ាឌ្រីដ)៖ ក្លិបអ្នកមាន Real Madrid បានប្រកាសមិនចុះកិច្ចសន្យានាំយកកីឡាករថ្មីបន្ថែមទៀតទេនារដូវក្តៅខាងមុខនេះ គ្រាដែលហិរញ្ញវត្ថុក្លិបបានកំពុងមានបញ្ហា ដោយសារវិបត្តិ COVID-19 ដែលអូសបន្លាយរហូតបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Marca របស់អេស្ប៉ាញ។
ក្លិបដែលមានរហស្សនាម «អធិរាជស» ស្ថិតនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញខាងលើនេះបានបង្ហាញពីការខាតបង់ប្រាក់ចំណូលប្រមាណ ១៥០អឺរ៉ូ ដែលស្មើនឹង ១៦៧លានដុល្លារដែលបានពីការលក់សំបុត្រសម្រាប់រដូវកាលក្រោយ ដោយសារតែប្រកួតបិទទ្វារគ្មានអ្នកទស្សនា ដើម្បីការពារពីការរីករាលដាលនៃ Covid-19។
បន្ថែមពីលើនេះទៀត Real Madrid ក៏មានគម្រោងលក់ចេញកីឡាករដែលទិញមកថ្លៃ និងប្រាក់ពលកម្មខ្ពស់ប្រចាំសប្តាហ៍ទៀតផង មានដូចជា James Rodriguez និង Gareth Bale ជាដើម ដែលស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅ Zinedine Zidane ដើម្បីប្រមូលលុយខ្លះក្នុងការទប់លំនឹងហិរញ្ញវត្ថុក្នុងក្លិប ដ្បិតក្លិប Los Blancos មិនមានការកាត់ប្រាក់ពលកម្មកីឡាករ ក៏ដូចជាបុគ្គលិកក្លិបក្នុងអំឡុង Covid-19 នោះឡើយ។
ដូច្នេះ គម្រោងក្នុងការទិញយកកីឡាករ Eduardo Camavinga និងតារាជើងស៊ុត Erling Haaland នាអំឡុងរដូវកាលដោះដូរកីឡាករនៅខែកក្កដា និងសីហារបស់ Real Madrid ត្រូវបានផ្អិបទុកសិន និងរង់ចាំដល់ខែតុលា ឆ្នាំ២០២០ ទើបទៅលេងនៅកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនវិញ បើទោះបីជា LaLiga Santander មានការប្រកួតឡើងវិញនាថ្ងៃទី១១ ខែមិថុនាដ៏ខ្លីខាងមុខនេះក៏ដោយ៕