(បរទេស)៖ Lisa គឺជាតារាចម្រៀងល្បីឈ្មោះមួយរូប មានដើមកំណើតនៅប្រទេសថៃ និងបានទៅរស់នៅប្រទេសកូរ៉េ តាំងពីនាងនៅវ័យក្មេងមកម្ល៉េះ។ ដោយមាននិស័្សយស្រឡាញ់សិល្បៈ នាងបានក្លាយជាសមាជិកស្រី ក្នុងក្រុម BLACKPINK ដែលជាក្រុមចម្រៀងនារីល្បីលំដាប់អន្តរជាតិ នាពេលបច្ចុប្បន្ន។ ថ្មីៗនេះ មានព័ត៌មានដ៏រសើបពីតារាស្រី Lisa ដែលត្រូវបានសារព័ត៌មានកូរ៉េខាងត្បូង ចុះផ្សាយបន្តបន្ទាប់ថា នាងត្រូវបានអតីតអ្នកគ្រប់គ្រងបោកយកប្រាក់អស់ ៨១៧,៦៦១ ដុល្លារអាមេរិក។
ឆ្លើយតបនឹងព័ត៌មាននេះ ផលិតកម្ម YG Entertainment ដែលជាក្រុមហ៊ុនរបស់ Lisa បានចេញសេចក្តីប្រកាសភ្លាមៗដើម្បីបញ្ជាក់ពីការពិត និងបង្ហាញពីដំណោះស្រាយនានា ទៅសាធារណជនពាក់ព័ន្ធនឹងករណីនេះ។ YG បានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួន យ៉ាងដូច្នេះថា «យើងបានរកឃើញមូលហេតុ តាមរយៈការស៊ើបអង្កេតជាសំងាត់មួយ បានបង្ហាញថា Lisa គឺជាជនរងគ្រោះនៃករណីកេងបន្លំយកលុយ ដោយអតីតអ្នកចាត់ការទូទៅរបស់នាងគឺបុគ្គល A (ជនឆបោក)»។
YG បន្តថា «ផ្អែកតាមអ្វីដែល Lisa ចង់បាននោះ គឺដំណោះស្រាយដ៏យុត្តិធម៌ និងត្រឹមត្រូវមួយសម្រាប់នាង ដោយសារបុគ្គលម្នាក់នោះធ្លាប់ជាអ្នកគ្រប់គ្រងរបស់នាង ដែលនាងទុកចិត្តខ្លាំងបំផុត។ បុគ្គល «A» នោះក៏បានយល់ព្រមសងលុយមួយចំនួន ដែលខ្លួនបានលួចបន្លំឲ្យម្ចាស់ដើមវិញ ហើយលុយដែលនៅសល់ នឹងត្រូវសងតាមផែនការដែលកំណត់។ បុគ្គល «A» (ជនឆបោក) ក៏បានចាកចេញពីក្រុមហ៊ុននេះដែរ»។
បន្ថែមពីនេះផលិតកម្ម YG ក៏បានបន្ថែមថា «ពួកយើងពិតសូមអភ័យទោសដល់សាធារណជន សម្រាប់រឿងរ៉ាវទាំងឡាយដែលធ្វើឲ្យអ្នកគាំទ្រស្រឡាញ់យកចិត្តទុកដាក់ចំពោះ Lisa មានការបារម្ភ។ ពួកយើងពិតជាមានការខ្មាស់អៀន និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គល «A» ដែលមានគំនិតទាញយកផលប្រយោជន៍តាមរយៈការបំផ្លាញទំនុកចិត្ត ដែល Lisa បានជឿទុកចិត្តហើយយើងក៏ត្រូវទទួលខុសត្រូវចំពោះការគ្រប់គ្រង និងការត្រួតពិនិត្យចំពោះបុគ្គលិករបស់យើង។ យើងកំពុងចាត់ចែងវិធានការផ្សេងៗដើម្បីការពារ កុំឲ្យមានរឿងបែបនេះកើតឡើងម្តងទៀត»។
គួរជម្រាបថា មូលហេតុដែល Lisa បានចាញ់បោកអតីតអ្នកគ្រប់គ្រងរបស់នាង គឺដោយសារតែនាងទុកចិត្តអ្នកគ្រប់គ្រងរបស់នាងខ្លាំង ព្រោះអ្នកគ្រប់គ្រងរូបនោះ ស្និទ្ធស្នាលនិងនៅក្បែរនាងតាំងពីឆ្នាំ២០១៦ ពេលដែលបង្កើតក្រុម BLACKPINK មកម្ល៉េះ។ Lisa បានប្រគល់ប្រាក់ឲ្យអតីតអ្នកគ្រប់គ្រងរបស់នាង គឺបុគ្គល «A» ជួយស្វែងរកអចលនទ្រព្យ ដើម្បីវិនិយោគ តែបុគ្គល «A» បែរជាយកប្រាក់ទាំងនោះ ទៅលេងល្បែងស៊ីសងទៅវិញ៕