(ក្រុងឡុងដ៍)៖ កីឡាករ និងបុគ្គលិកមកពី ៦ក្លិបដែលលេងនៅក្របខណ្ឌបាល់ទាត់លីគលំដាប់ទី២ អង់គ្លេស Championship បានបន្តរកឃើញ Covid-19 ចំនួន ៩ករណីថ្មីបន្ថែមទៀតនាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងការធ្វើតេស្តជុំទី៣ ចុងក្រោយ មុនចាប់ផ្តើមប្រកួតវិញឆាប់ៗខាងមុខ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុគ្គល ២នាក់នៃក្លិបបាល់ទាត់ Preston បានរកឃើញវិជ្ជមាននៃជំងឺ Covid-19 ក្នុងចំណោម ២៤ក្លិបមកពី Championship ដែលបានធ្វើតេស្តក្នុងដំណាក់កាលទី៣ ម្សិលមិញនេះ។
រហូតមកទល់នឹងពេលនេះ មានបុគ្គលិក និងកីឡាករចំនួន ១០៩៤នាក់មកពីក្លិបលេងនៅ Champinship ត្រូវបានធ្វើតេស្តរក Covid-19 ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ គ្រាដែលអ្នករកឃើញមានជំងឺ ក៏ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគេផងដែរ ស្របតាមវិធានរបស់ EFL និងក្រសួងសុខាភិបាលនៃប្រទេសអង់គ្លេសដែរ។
បន្ថែមលើនេះ កីឡាករ និងបុគ្គលិកក្លិបប្រមាណ ១២៦នាក់មកពី League Two ក៏ត្រូវបានធ្វើតេស្តអវិជ្ជមាននៃជំងឺ Covid-19 ផងដែរ ខុសប្លែកពី កីឡាករ និងបុគ្គលិកមកពីក្របខណ្ឌ Championship ត្រូវបានរកឃើញ ២៤នាក់មានផ្ទុក Covid-19 គិតចាប់តាំងពីថ្ងៃធ្វើតេស្តទី២១ ខែឧសភា ឆ្នាំ២០២០ មក ក្នុងចំណោមមនុស្ស ៤០០០នាក់។
ដូចគ្នានោះដែរ ការធ្វើតេស្តជុំចុងក្រោយនៅ Premier League វិញក្នុងចំណោមទាំង ២០ក្លិបនាថ្ងៃទី០៣ ខែមិថុនានោះ មាន១រកណីវិជ្ជមានដែលជាកីឡាករមកពីក្លិបមាន់ខ្នាយមាស Tottenham Hotspur មុនពេលលីគទី១ នេះចាប់ផ្តើមប្រកួតវិញនាថ្ងៃទី១៧ ខែមិថុនាដ៏ខ្លីខាងមុខនេះ៕