(បរទេស)៖ បាតុកម្មប្រឆាំងតវ៉ាទាមទារកយុត្តិធម៌ ជូនជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានស្លាប់យ៉ាងអាណោចអធម កាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាមេរិក កំពុងខ្ទរខ្ទារពេញសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ បណ្តាប្រទេសមួយចំនួន ក៏បានចូលរួមទាមទារកយុត្តិធម៌ឲ្យ George Floyd តាមរយៈការលើកផ្ទាំងបដារ ឬការ hashtag ពាក្យថា «ជីវិតជនស្បែកខ្មៅក៏មានតម្លៃ» ពេញបណ្តាញសង្គម។ ក្នុងចំណោមអ្នកទាមទារយុត្តិធម៌ជូនលោក Floyd ក៏មានតារាកូរ៉េល្បីៗជាច្រើនរូបផងដែរ។
ខាងក្រោមនេះ គឺជាឈ្មោះ តារា K-POP ដែលបានបរិច្ចាគថវិកា និងបានគាំទ្រដល់ការទាមទារយុត្តិធម៌ ឲ្យ Floyd ៖
ទី១៖ Jay Park, នៅថ្ងៃទី២៨ ខែឧសភា តារារ៉េបរូបនេះ បានបង្ហោះសារ Twitter និង Instagram ថា លោកបរិច្ចាគទឹកប្រាក់១ម៉ឺនដុល្លារ ដល់យុទ្ធនាការប្រឆាំងទាមទារ យុត្តិធម៌ជូនជនជាតិស្បែកខ្មៅ «បួងសួងទៅព្រះជាម្ចាស់ សូមឲ្យការតវ៉ាទទួលបានជោគជ័យ»។
ទី២៖ H1GHRMUSIC, សិល្បករក្នុងក្រុម H1GHRMUSIC ប្រមូលប្រាក់រួមគ្នា បានចំនួន ២១,០០០ដុល្លារ ដើម្បីបរិច្ចាគដល់ក្រុមតវ៉ា ទាមទារយុត្តិធម៌ជូនជនជាតិស្បែកខ្មៅ។
ទី៣៖ Mark Tuan, សមាជិកក្រុមចម្រៀង GOT7 ដែលមានដើមកំណើតនៅទីក្រុង ឡូសអាន់ជែឡែស (Los Angeles ឬ L.A.) រូបនេះ ក៏បានគាំទ្រដល់យុទ្ធនាការតវ៉ានេះដែរ តាមរយៈបង្ហោះសារ Twitter ជាមួយនឹងការបរិច្ចាគទឹកប្រាក់ ៧,០០០ ដុល្លារ ដល់ក្រុមអ្នកតវ៉ា។
ទី៤៖ Jae, សមាជិក DAY6 ដែលជាអ្នកលេងហ្គីតាកូនកាត់កូរ៉េ-អាមេរិក រូបនេះ បានបង្ហោះសារគាំទ្រក្រុមតវ៉ាទាមទារយុត្តិធម៌ ជូនជនជាតិស្បែកខ្មែរ លើ Twitter ជាមួយនឹងការបរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ។
ទី៥៖ Momoland, សកម្មភាពជាច្រើនរបស់សមាជិកក្រុម Momoland ដែលបានបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន បានបង្ហាញពីការគាំទ្រ ជាមួយនឹងការ hashtag ពាក្យថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ»។
ទី៦៖ តារាស្រី CL និង Minzy, តារាចម្រៀងស្រីក្នុងក្រុម 2NE1 ទាំងពីរបានបញ្ចេញសំឡេង និងរូបភាព នៃការគាំទ្រយុទ្ធនាការតវ៉ាលើបណ្តាញសង្គម ជាមួយនឹងការ hashtag ពាក្យថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ»។
ទី៧៖ តារាស្រី Tiffany Young សមាជិក Girls’ Generation, តារាស្រីក្នុងផលិតកម្ម SM រូបនេះ ក៏ត្រូវបានគេមើលឃើញថា បានបង្ហោះសារក្នុង Instagram និយាយអំពីយុទ្ធនាការតវ៉ាប្រឆាំង ទាមទារយុត្តិធម៌ជូនជនជាតិស្បែកខ្មៅដែរ។
ទី៨៖ Holland, មិនខុសពីតារា K-POP ដទៃ តារារូបនេះ ក៏បានបង្ហោះសារ hashtag ពាក្យថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ» លើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។
ទី៩៖ LOCO, តារាចម្រៀងរ៉េប ដែលបច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចយោធា ក៏បានបង្ហោះសារគាំទ្រលើបណ្តាញសង្គម ដល់យុទ្ធនាតវ៉ាទាមទារយុត្តិធម៌ ជូនលោក Floyd ផងដែរ។
ទី១០៖ Kim Samuel, តារាចម្រៀងទោលដើមកំណើតអាមេរិក Kim Samuel បាន hashtag ពាក្យថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ» ភ្ជាប់ជាមួយរូបភាពនៃការតវ៉ា នៅសហរដ្ឋអាមេរិក បន្ថែមសារមួយឃ្លា ទៀតថា «ផ្សព្វផ្សាយទៅកាន់ពិភពលោក, ពួកយើងជាមនុស្សជាតិតែមួយ»។
ក្រៅពីតារាល្បីៗរបស់កូរ៉េទាំង១០រូបខាងលើ គឺនៅមានតារាជាច្រើនរូបទៀត ក្នុងវិស័យ K-POP ដែលបានបង្ហាញសារគាំទ្រស្រដៀងគ្នា ក្នុងនោះដូចជា តារា hip hop លោក CRUSH, តារារ៉េប លោក Jessica, ក្រុម EPIK HIGH Tablo, BTOB Peniel, Yeri សមាជិក Red Velvet, ពិធីករ Jamie, លោក Eric Nam និងតារាជាច្រើនរូបទៀត៕