(ភ្នំពេញ)៖ អគារកម្ពស់៤៥ជាន់ ជីប ម៉ុង ថៅវើ វិនិយោគក្នុងទំហំទឹកប្រាក់អស់ប្រមាណជិត២០០លានដុល្លារ និងសម្រេចការសាងសង់បាន៣៩ភាគរយ ហើយអគារដ៏ខ្ពស់នេះគ្រោង នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ ។
លោកឧញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ សម្រាប់ការម៉ៅការការងារប្រព័ន្ធមេកានិក ទឹក និងភ្លើងថា ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចមួយឲ្យរឹងមាំ បើទោះបីស្ថិតក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងវិបត្តិដោយសារវីរុសកូវីដ-១៩ក៏ដោយ។
លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា អគារ ជីប ម៉ុង ថៅវើ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារនិងមានចំនួន៤៥ជាន់។
ក្នុងនោះ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី ស្ថិតនៅម្តុំស្ពានអាកាសសាលាតិចណូ, បណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថាមណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ ជីប ម៉ុង ថៅវើ នឹងមានផលិតផលផ្សេងៗជាច្រើន ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ និងពាណិជ្ជកម្មយីហោល្បីៗថ្មីៗជាច្រើនទៀត ដែលនឹងផ្ដល់បទពិសោធន៍នៃការទិញទំនិញបែបថ្មី និងសម្បូរបែបជូនដល់អតិថិជនផងដែរ។
អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់នេះ ត្រូវបានបញ្ចុះបឋមសិលាបើកការសាងសង់នៅខែមករាឆ្នាំ២០១៩ និងក្លាយជាសំណង់អគារប្រវត្តិសាស្ត្រសម័យទំនើបកណ្តាលបេះដូងនៃរាជធានីភ្នំពេញ៕