(បរទេស)៖ ថ្មីៗនេះមានការបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei បាននិងកំពុងផ្តោតទៅលើការបង្កើតស្មាតហ្វូន ដែលមានបង្កប់កាមេរ៉ាផ្នែកខាងមុខ បង្កប់នៅពីក្រោមផ្ទៃអេក្រង់តែម្តង។ ប្រការនេះនឹងធ្វើឲ្យផ្ទៃអេក្រង់ទូរស័ព្ទមើលទៅស្រឡះសុទ្ធ ដោយគ្មានវត្តមានកាមេរ៉ាប្រភេទ ដំណក់ទឹក, ផុសចេញពីតួខ្លួន ឬទម្លុះអេក្រង់ទៀតនោះឡើយ។

ព័ត៌មានខាងលើត្រូវបានចុះផ្សាយដោយ វែបសាយព័ត៌មានបច្ចេកវិទ្យា Let's Go Digital ដែលផ្អែកលើសំណើសុំសិទ្ធិប៉េតង់ចំនួនពីរ ដែលទើបតែទទួលបានការអនុញ្ញាតនាពេលថ្មីៗនេះ។ ក្នុងសំណើប៉េតង់ទាំងនោះ មានរូបភាពមួយចំនួនដែលស្មាតហ្វូនស៊េរីថ្មីមួយរបស់ Huawei ហើយអ្វីដែលគួរឲ្យកត់សម្គាល់ផ្ទៃអេក្រង់របស់វា គឺមិនឃើញមានកាមេរ៉ាឡើយ ដូច្នេះទើបគេយល់ថា កាមេរ៉ានោះច្បាស់ជាកាមេរ៉ាបង្កប់ នៅខាងក្រោមអេក្រង់ជាក់ជាមិនខាន។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនផលិតស្មាតហ្វូនចម្បងៗរបស់ចិន Xiaomi និង Oppo បានបង្ហាញនូវទូរស័ព្ទគំរូមួយ ដែលមានកាមេរ៉ាសែលហ្វីបង្កប់នៅក្នុងផ្ទៃអេក្រង់ ប៉ុន្តែវាមិនត្រូវបានផលិតឡើងជាផ្លូវការ ដើម្បីចេញលក់នោះទេ ព្រោះកាមេរ៉ានោះមិនអាចផលិតបានរូបភាពល្អគ្រប់គ្រាន់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ក៏បានចាប់អារម្មណ៍ចំពោះរឿងនេះ ក្នុងនោះមានទាំង Samsung ផងដែរ។

យោងតាមបរិបទបច្ចុប្បន្ន វាច្បាស់ណាស់ថា ស្មាតហ្វូនដែលមានបង្កប់កាមេរ៉ាសែលហ្វីនៅក្នុងផ្ទៃអេក្រង់ ពិតជាមិនទាន់អាចមានវត្តមានក្នុងទីផ្សារជាផ្លូវការឡើយ។ ប៉ុន្តែសំណួរនៅតែលេចឡើងជានិច្ចថា តើនៅពេលណា និងដោយក្រុមហ៊ុនមួយណា ដែលបញ្ចេញទូរស័ព្ទប្រភេទនេះជាផ្លូវការមុនគេ?