(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលឡើងវិញហើយ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្ដែប្រភេទកីឡាអូឡាំពិកនេះ អាចចំណាយពេលយ៉ាងហោចណាស់ពី ៤ ទៅ ៥ខែដែរ ដើម្បីស្ដារសមត្ថភាពឡើងវិញ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជាក់ថា ក្នុងនាមកីឡាជំនាញ ដែលទាមទារឲ្យមានការហ្វឹកហាត់ជាប់លាប់ជាមួយឧបករណ៍បច្ចេកទេស ហើយត្រូវសម្រាកច្រើនខែ ដោយសារជំងឺកូវីដ-១៩ (Covid-19) គឺមិនងាយស្រួលក្នុងការស្ដារឡើងវិញនោះទេ។ ហេតុនេះ សហព័ន្ធបានដាក់ផែនការពង្រឹងជាជំហានៗ ដោយផ្ដើមពីការពង្រឹងផ្នែកកម្លាំង បន្ទាប់មកទើបពង្រឹងផ្នែកបច្ចេកទេស។
លោកបន្ដថា «ការហ្វឹកហាត់ជាឯកត្តជនតាមផ្ទះ គ្រាន់តែជាការជួយទប់ស្កាត់កុំឲ្យធ្លាក់ចុះកម្លាំងកាយ ហើយបើយោងលទ្ធផលហ្នឹង យកមកប្រៀបធៀប យើងឃើញថា មានការធ្លាក់ចុះកម្រិតបច្ចេក ដោយសាររយៈពេល ២ខែជាងមកនេះ យើងហាត់តែកម្លាំងកាយ និងដងខ្លួន តែឥឡូវនេះយើងកំពុងតែហ្វឹកហាត់ស្ដារឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យកម្លាំងកើនឡើងវិញ ហើយរៀបចំបច្ចេកទេសបន្ដទៀត»។
«ខ្ញុំគិតថា ប្រហែលជាដល់ចុងឆ្នាំល្មម អាចរយៈពេល ៤ ទៅ ៥ខែហ្នឹងឯង ព្រោះកាយសម្ព័ន្ធត្រូវការហាត់ជាមួយឧបករណ៍រាល់ថ្ងៃ ដល់ពេលយើងបោះបង់ឧបករណ៍ ២ខែជាងនេះ យើងជួបការលំបាកច្រើន ជុំវិញការងារបច្ចេកទេស។ ចឹងយើងត្រូវការពេលវេលា បើសិនជាទៅដល់ចុងឆ្នាំ ស្ថានការណ៍ល្អទាំងស្រុង ជាពេលវេលាមួយដែលយើងត្រូវរៀបជើងឯកជាតិ និងពានឯកឧត្តមបណ្ឌិត ថោង ខុន បាន»។ លោក ណយ ផាណា បន្ថែម។
គួរដឹងថា កីឡាកាយសម្ព័ន្ធ បានចាប់ផ្ដើមប្រមូលផ្ដុំតាំងពីថ្ងៃទី០១-មិថុនាមកម្ល៉េះ តែជំហានដំបូង សហព័ន្ធបានប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមជាមួយគ្នា ដោយគោរពតាមវិធានក្រសួងសុខាភិបាល មុនពេលចូលទីលានហ្វឹកហាត់ សហព័ន្ធក៏បានរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងហាត់ វាស់កម្ដៅ និងបាញ់អាល់កុល ដល់កីឡាករ-កីឡាការិនីគ្រប់គ្នាផងដែរ៕