(ញូដេលី)៖ សត្វដំរីព្រៃមួយក្បាលដែលមានកូនក្នុងពោះថែមទៀតនោះ បានងាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន បន្ទាប់ពីវាបានស៊ីម្នាស់មួយផ្លែ ដែលបង្កប់ដោយផាវនៅខាងក្នុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NDTV នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

យោងតាមការរៀបរាប់របស់ក្រុមមន្រ្តីអភិរក្សព្រៃឈើនៅរដ្ឋ Kerala សត្វដំរីខាងលើបានចាកចេញពីព្រៃនៅឧទ្យានជាតិ Silent Valley ក្នុង ស្រុក Palakkad ហើយក៏ត្រាចរទៅដល់ភូមិមួយនៅក្បែរខាង ដើម្បីស្វែងរកចំណី ហើយវាទំនងជាបានស៊ីម្នាស់មួយផ្លែ។ ជាទូទៅអ្នកភូមិ ឥណ្ឌានៅតាមទីជនបទតែងប្រើផ្លែម្នាស់ដែលបង្កប់ផាវបែបនេះ ដើម្បីការពារប្រឆាំងសត្វជ្រូកព្រៃ។

នៅពេលផ្លែម្នាស់ផ្ទុះក្នុងមាត់របស់វា សត្វដំរីញីនោះបានរងរបួសធ្ងន់នៅក្នុងមាត់។ វាបានដើរក៏ដូចជារត់ចុះឡើងទាំងក្នុងភាពឈឺចាប់ផង និងឃ្លានផង ហើយទោះជាបែបនេះក៏ដោយ ដំរីព្រៃនោះមិនបានបង្កការបំផ្លិចបំផ្លាញនៅក្នុងភូមិ ឬបង្កឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។ ទីបំផុតវាក៏បានចុះទៅឈរក្នុងទន្លេមួយដោយដាក់មាត់ និងប្រម៉ោយទៅក្នុងទឹក ប្រហែលជាចង់កាត់បន្ថយការឈឺចាប់។

ពេលនោះខាងអាជ្ញាធរព្រៃឈើបានព្យាយាមយកសត្វដំរីពីរក្បាលផ្សេងទៀត ដើម្បីទៅនាំសត្វដំរីញីនោះចេញទឹកទន្លេវិញ ប៉ុន្តែវាហាក់ដូច ជាបានដឹងថា ខ្លួនវានឹងចៀសពីសេចក្តីស្លាប់មិនផុតយ៉ាងដូច្នោះ គឺវាមិនឲ្យគេធ្វើអ្វីទាំងអស់។ ជាច្រើនម៉ោងក្រោយមក សត្វដំរីញីដ៏អភ័ព្វក៏បានងាប់ទាំងឈរនៅក្នុងទឹកទន្លេនោះ ដោយមានកូនក្នុងពោះ។ សាកសពដំរីនោះ ត្រូវបានដឹកត្រឡប់ទៅឧទ្យានដើមរបស់វាវិញ ហើយត្រូវបានដុតបូជានៅទីនោះ។

គួរជម្រាបថា ការបាត់បង់ដំរីនេះបានធ្វើឲ្យប្រជាជនឥណ្ឌានៅទូទាំងប្រទេសសម្តែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ហើយមាន អ្នកខ្លះបានទាមទារចង់ឲ្យរកមុខអ្នកដែលបង្កប់ផាវ ក្នុងផ្លែម្នាស់នោះទៀតផង ខណៈអាជ្ញាធរឥណ្ឌាបានអះអាងថា នឹងបើកការស៊ើបអង្កេតជុំវិញករណីនេះ៕