(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Liverpool បានកំពុងត្រៀមលើកពាន Premier League រដូវកាលនេះ ជាមួយនឹងពិន្ទុអាចខ្ពស់ជាងគេក្នុងចំណោមរដូវកាលណាៗទាំងអស់ ដែលអាចឈានដល់ ១០៩ពិន្ទុឯណោះ សម្រាប់ ៩ប្រកួតដែលនៅសល់។
ក្រុមហង្សក្រហមមួយនេះបានខកខានឈ្នះពានលីគកំពូលអង់គ្លេស Premier League មានរយៈពេល ៣០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឈ្នះចុងក្រោយបំផុតក្នុងឆ្នាំ១៩៩០ មក។ នេះបើយោងតាមការចេញផ្សាយ ដោយវេបសាយកីឡា Livescore។
ក្នុងចំណោម ៩ប្រកួតដែលនៅសល់ សម្រាប់ Premier League ដែលត្រៀមប្រកួតបិទបញ្ចប់រដូវកាលនេះចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នោះ អ្នកចាត់ការទូទៅ Jurgen Klopp បានបង្ហាញមហិច្ឆតារកជ័យជម្នះគ្រប់ការប្រកួត ៩លើកដែលនៅសល់ ដើម្បីបាន ២៧ពិន្ទុបន្ថែមលើ ៨២ពិន្ទុដែលមានក្នុងដៃ បង្រ្គប់បាន ១០៩ពិន្ទុច្រើនជាងគេគ្រប់សម័យកាល គ្រាដែល Manchester City ធ្លាប់ធ្វើបានតែ ១០០ពិន្ទុប៉ុណ្ណោះ កាលឈ្នះជើងឯកនារដូវកាលឆ្នាំ២០១៧-២០១៨។
ក្រឡេកមកមើលក្រុមកាំភ្លើងធំ Arsenal ដែលលេងមិនចាញ់សោះ និងឈ្នះពានមាសកាលពីរដូវកាលឆ្នាំ២០០៣-២០០៤ នោះ រកបានតែ ៩០ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេលេងស្មើមានដល់ ១២ប្រកួតក្នុងចំណោម ៣៨ប្រកួតសរុប។
គួរបញ្ជាក់ផងថា គូប្រកួត ៩ក្រុមចុងក្រោយរបស់ Liverpool រួមមាន Newcastle United, Everton, Crystal Palace, Manchester City, Aston Villa, Brighton, Burnley, Arsenal និងតោខៀវ Chelsea៕