(អុីស្លាម៉ាបាដ)៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ដែលត្រូវបានគេជួលដោយមិនស្របច្បាប់ឲ្យធ្វើជាអ្នកបម្រើនោះ ត្រូវបានពួកម្ចាស់ដ៏ឃោរឃៅរបស់នាងសម្លាប់នៅឯទីក្រុង Rawalpindi នៃខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដោយសារតែការធ្វេសប្រហែសធ្វើឲ្យសត្វសេកចិញ្ចឹមរបស់ពួកគេ ហើរចេញពីក្នុងទ្រុងទៅបាត់។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីវែបសាយស្ថានីយទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្មេងស្រីខាងលើដែលមានឈ្មោះថា Zohra បានបើកទ្រុងសត្វសេកមួយដើម្បីឲ្យចំណីសត្វបក្សីទាំងនោះ ប៉ុន្តែពួកវាក៏ស្រាប់តែហោះចេញពីទ្រុងទៅអស់បាត់។ ជាការដាក់ពិន័យ ម្ចាស់របស់ Zohra ដែលមានហាងទិញ-លក់សត្វ បានវាយដំលើរូបនាងតូចរហូតដល់សន្លប់ ហើយយកនាងទៅទុកចោលនៅមន្ទីរពេទ្យមួយកន្លែង ជាទីដែលក្មេងស្រីម្នាក់នោះបានបាត់បង់ជីវិតនៅមួយថ្ងៃបន្ទាប់។
ខាងមន្ទីរពេទ្យក៏បានហៅទូរស័ព្ទទៅកាន់ប៉ូលិស ហើយជនសង្ស័យ២នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតដើម្បីប្រមូលភស្តុតាងនានា។ ក្មេងស្រី Zohra ត្រូវបានគេជួលឲ្យមើលថែទារករបស់គ្រួសារនោះ ហើយជាថ្នូរមកវិញពួកគេចេញថ្លៃរៀនសូត្រឲ្យ Zohra។
យោងតាមរបាយការណ៍មួយកាលពីឆ្នាំ២០១៨ របស់គណៈកម្មការសិទ្ធិមនុស្សប្រចាំនៅប៉ាគីស្ថាន (HRCP) ប្រទេសអាស៊ីខាងត្បូងមួយនេះមានបញ្ហាធំទាក់ទង នឹងការប្រើប្រាស់កម្លាំងពលកម្មកុមារ ដោយបើតាមការប៉ាន់ស្មានកុមារប្រហែល១២លាននាក់កំពុងតែធ្វើការនៅប្រទេសប៉ាគីស្ថាននាពេលនោះ។ ដ្បិតប៉ាគីស្ថានមិនមានការកំណាត់អាយុតាមផ្លូវច្បាប់ សម្រាប់ការចូលបម្រើការងារក៏ដោយ ច្បាប់របស់ប៉ាគីស្ថានហាមឃាត់មិនឲ្យអនីតិជនធ្វើការងារជាអ្នកបម្រើតាមផ្ទះឡើយ៕