(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ ភីអិនអិន រៀបចំពិធីក្រុងពាលី ភាពយន្តភាគថ្មីរបស់ខ្លួនរឿង «ពណ៌ជីវិត» នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដោយ សហការរៀបចំផលិតពីផលិតកម្ម PR Production សម្រិតសម្រាំងយកគុណភាពរឿងជាចម្បង។ តាមរយៈការផ្តើមគំនិតចងក្រងនិពន្ធ និងផលិតខ្សែភាពយន្តភាគខ្មែរនេះឡើង គឺដើម្បីបំពេញតម្រូវការទីផ្សារភាពយន្តសម្រាប់ អ្នកគាំទ្រឲ្យកាន់តែសម្បូរបែប។ ទស្សនិកជនប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងវត្តមានតារាសម្តែងស្រីថ្មី សម្រាបរឿងភាគរបស់ ភីអិនអិន គឺអ្នកនាង សិទ្ធី និកា។
បើតាមការ ឲ្យដឹងពីផលិតករ តារាសម្តែងស្រីស្រស់សោភា សិទ្ធី នីកា ត្រូវបានចាប់តួសម្តែងជាមួយនឹងលោក វ៉ៃហាំង ដែលជាតារាឈានមុខប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិនតែម្តង។ ខុសពីខ្សែភាពយន្តមុនៗ ដែលភាគច្រើនគេសង្កេតឃើញ វ៉ៃហាំង ចាប់ដៃគូសម្ដែងជាមួយកញ្ញា យូប៊ីន លើកនេះទស្សនិជកជននឹងប្លែកអារម្មណ៍ដោយ ផលិតករបានសម្រេចធ្វើការប្តូរដៃគូសម្ដែងរបស់តារាប្រុសរូបនេះ ។
បន្ថែមពីនេះទៀតរឿង «ពណ៌ជីវិត» ក៏ជាសាច់រឿងបង្ហាញពីតថភាពនៃការរស់នៅ ទំនាក់ទំនងការងារ ស្នេហាមនោសញ្ចេតនា ដែលញុំាងឲ្យអ្នក ទស្សនា បានយល់កាន់តែច្បាស់ថា តើជីវិតត្រូវបត់បែនតាមរបៀបណា ហើយរឿងរ៉ាវអ្វីខ្លះដែលខ្លួនត្រូវជួបប្រទះ។ តួយ៉ាងដូចជាលោក វ៉ៃហាំង និងអ្នកនាង សិទ្ធី នីកា ដែលជាតួអង្គធំក្នុងរឿង ហើយត្រូវប្រឈមមុខនឹងការទទួលខុសត្រូវក្នុងជីវិតដ៏ច្រើន។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ ភីអិនអិន បានលើកឡើង «ចំពោះខ្សែភាពយន្តភាគរឿង ពណ៌ជីវិតឆ្លុះបញ្ចាំងគ្រប់រសជាតិនៃជីវិត និងការងារ ភាពអាត្មានិយម ប្រើប្រាស់មនោសញ្ចេតនា មិត្តភាព ព្រមទាំងបានបង្ហាញនូវគុណតម្លៃ និងភាពទទួលខុសត្រូវការងារ។ បន្ថែមពីនេះទៀត ក្នុងរឿងនេះទស្សនិកជននឹងឃើញនូវការសម្តែងចរិកតួអង្គថ្មីរបស់តារាសម្តែង ខាត់ វ៉ៃហាំង ដែលកន្លងមក វ៉ៃហាំង គាត់សម្តែងបែបតួអង្គសុភាពបុរស តស៊ូដើម្បីស្នេហា តែនៅក្នុងរឿងនេះគាត់ត្រូវសម្តែងជាតួអង្គក្បត់ចិត្តភរិយា ទៅលបលួចស្រលាញ់មិត្តភក្តិតួឯកស្រីវិញ យើងជឿជាក់ថារឿងពណ៌ជីវិត នឹងនាំមកនូវទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជន»។
អ្នកនាង ព្រុំ រដ្ឋា ចាងហ្វាងផលិតកម្ម PR Production មានបានថ្លែងថា «នេះគឺជារឿងភាគទី៣របស់ផលិតកម្ម អ្នកស្រី ដែលបានផលិតសម្រាប់ការចាក់ផ្សារនៅ ភីអិនអិន។ ដោយសារផលិតកម្ម PR ជាពិសេសគឺរូបនាងផ្ទាល់ជាអ្នកស្រលាញ់សិល្បៈ ដូច្នេះហើយយើងតែងតែគិតដល់គុណភាពជាចម្បងដើម្បីធ្វើយ៉ាងណាបំពេញចិត្តអ្នកគាំទ្រ ក៏ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរយើង នេះហើយក៏ជាមូលហេតុដែលយើងអាចបន្តផលិតដល់រឿងទី៣ សម្រាប់ ភីអិនអិន ដែលជាទូរទស្សន៍ទំនើបជាងគេនៅកម្ពុជា និងបានវិនិយោគទុនយ៉ាងច្រើន សម្បើម នៅ ក្នុវ វិស័យ ភាពយន្ត ភាគ ខ្មែរ»។
ក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន ផលិតករអ្នកដឹកនាំភាពយន្ត និងតារាសម្តែងល្បីៗទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមានដូចជា លោក ជា សំណាង, លោក អ៊ុន សុទ្ធា, លោក វ៉ៃហាំង, អ្នកនាង សិទ្ធី នីកា, កញ្ញា Fah Fah លោក Summer, កញ្ញា ប៉ប់ពីរ រួមនឹងសិល្បករ សិល្បការិនី ជាច្រើនរូបទៀត។
ភីអិនអិន រំពឹង និងសង្ឃឹមយ៉ាងជឿជាក់ថា ទស្សនិកជន នឹងគាំទ្ររឿងភាគខ្មែរមួយនេះ នៅ ពេល ចាប់ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាផ្លូវការ ។ ការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចលករ ដ៏សំខាន់មួយដែលធ្វើឲ្យក្រុមការងារភីអិនអិន ក៏ដូចជាផលិតកម្ម និងតារាភាពយន្តអាចបន្តនាំយក និងផលិតភាពយន្តភាគថ្មីៗ បានកាន់តែមានគុណភាពខ្ពស់បន្ថែមទៀត៕