(ប៉េកាំង)៖ សមាគមន៍បាល់បោះចិន (CBA) នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រាប់ឲ្យដឹងថា រដូវកាលប្រកួតនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ដោយវានឹងក្លាយជាលីគកីឡាចម្បង ដំបូងគេបង្អស់ នៅក្នុងប្រទេសចិន ដែលនឹងវិលត្រឡប់ទៅធ្វើសកម្មភាពវិញ បន្ទាប់ពីមានការរាតត្បាតពីវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែមិថុនានេះ។
ការប្រកួតកីឡាបាល់បោះរបស់ចិន បានផ្អាកសកម្មភាព កាលពីខែកុម្ភៈ ប៉ុន្តែនឹងវិលត្រឡប់មកវិញ បន្ទាប់ពីចំនួនអ្នកឆ្លងវីរ៉ុស COVID-19 មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសចិន ជាកន្លែងដែលវីរ៉ុសបានផ្ទុះឡើងដំបូង កាលពីចុងឆ្នាំមុន។ ការចាប់ផ្តើមប្រកួតឡើងវិញនេះ បន្ទាប់ពីមានការឯកភាពពីមន្ទីរសុខាភិបាល និងកីឡារបស់ចិន។
CBA បានឲ្យដឹងថា ក្រុមចំនួន២០ នៅក្នុងលីគ នឹងបែកចែកចេញជា២ក្រុម ហើយការប្រកួតនឹងធ្វើឡើង នៅក្នុងទីក្រុងចំនួន២ប៉ុណ្ណោះ គឺទីក្រុង Qingdao និងទីក្រុង Dongguan។
ក្រុមកីឡាករ និងបុគ្គលិកទាំងអស់ ត្រូវតែគោរពតាមតម្រូវការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតជាតិ និងក្នុងតំបន់ ដើម្បីធានាបាន នូវការរៀបចំព្រឹត្តិការណ៍ ប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់៕