(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងអនុវត្តន៍លក្ខខន្តិកៈថ្មីពីការប្តូរកីឡាករ ៣នាក់ ទៅ៥នាក់វិញក្នុង ១ប្រកួតនៅពេលដែលការប្រកួតត្រឡប់មកវិញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ។
តាមរយៈសារព័ត៌មាន Channel News Asia បានចេញផ្សាយថា ក្បួនច្បាប់ថ្មីនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងយុទ្ធនាការសម្រាប់ ៩ប្រកួតដែលនៅសល់នារដូវកាលនេះ បន្ទាប់ពីត្រូវបានផ្អាកជាង ៣ខែមកនេះ ដោយសារវិបត្តិ Covid-19។
ច្បាប់ថ្មីជាបណ្តោះអាសន្ននេះ ក៏នឹងប្រើនៅលីគកំពូលអាល្លឹម៉ង់ អ៉ីតាលី និងអេស្ប៉ាញផងដែរ បន្ទាប់ពីត្រូវបានឯកភាព និងធ្វើឡើងកាលពីខែមុន ដោយសមាគមបាល់ទាត់អន្តរជាតិ IFA និងប្រជុំដាក់ចេញនាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនាម្សិលមិញ។
ការសម្រេចផ្លាស់ប្តូរកីឡាករច្រើនបែបនេះ ក៏ដើម្បីសម្រួលដល់សុខភាពកីឡាករ និងជៀសវាងកីឡាករមានរបួសថែមទៀតផង ក្នុងរយៈពេលតែ ៦សប្តាហ៍ក្នុងការលេងបិទបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះដោយពេញលេញ ដែលបណ្តាក្លិបទាំងឡាយអាចមានកីឡាករបម្រុងរហូតដល់ទៅ ៩នាក់ ខណៈតាមធម្មតាមានតែ ៧នាក់ប៉ុណ្ណោះ៕