(សៅប៉ូឡូ)៖ លោក Alejandro Dominguez ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន CONMEBOL បានបើកសម័យប្រជុំមួយ តាមរយៈ Video Conference នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរកកាលបរិច្ឆេទធ្វើឲ្យវិស័យបាល់ទាត់នៅតំបន់នេះត្រឡប់មកប្រកួតវិញ។
គ្រប់ការប្រកួតក្នុងលីគ និងជម្រើសជាតិនានានៅអាមេរិកឡាទីន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នដូចទៅនឹងតំបន់ដទៃ ផងដែរកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ដោយក្នុងនោះដែរ ការលេងវគ្គជម្រុះក្នុងជុំទី២ ដើម្បីប្រជែងយកកៅអីទៅលេង FIFA World Cup 2022 នៅប្រទេសកាតានោះ ក៏ត្រូវបានពន្យារពេលដូចគ្នា។
លោក Dominguez បានថ្លែងនៅក្នុងអំឡុងសន្និសីទដែលត្រូវបានដកស្រង់មកចេញផ្សាយដោយ Channel News Asia ថា «ការធានាបានសុវត្ថិភាពខ្ពស់ សម្រាប់សុខភាពកីឡាករ និងអ្នកពាក់ព័ន្ធឯទៀត នឹងត្រូវធ្វើឡើងដោយអតិបរមា ដោយក្នុងនោះក៏មានទាំងទីលានទៀតផង ថាតើអាចដំណើរការប្រកួតបាន ឬយ៉ាងណា?»។
បុរសវ័យ ៤៨ឆ្នាំជនជាតិប៉ារ៉ាហ្គាយខាងលើនេះបានសង្កត់ធ្ងន់ថា «CONMEBOL ក៏បានកំពុងធ្វើការជាមួយរដ្ឋាភិ បាលផងដែរ ដោយយើងមិនអាចទុកឲ្យកីឡាករ និងអ្នកគាំទ្រស្ថិតនៅក្នុងហានិភ័យនោះទេ»។
គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់ Copa America ដែលត្រូវប្រកួតក្នុងខែនេះ ក៏ត្រូវបាន CONMEBOL ប្រកាសលើកទៅប្រកួតនៅឆ្នាំ២០២១ ដោយសារតែ Covid-19 ដូចគ្នាទៅនឹង UEFA Euro នៅអឺរ៉ុបទៀតផង៕