(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយគេហទំព័រ Livescore នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបបាល់ទាត់អាជីព Tottenham Hotspur (Spurs) លេងនៅ Premier League បានខ្ចីលុយពីធនាគាអង់គ្លេសប្រមាណ ១៧៥លានផោន ដែលស្មើនឹងប្រមាណ ២២០លានដុល្លារ ដើម្បីយកមកដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លិប ដោយសារវិបត្តិវីរុស COVID-19។
ក្លិប Spurs ដែលមានលោក Daniel Levy ជនជាតិអង់គ្លេសជាប្រធាននោះ ត្រូវបានគេធ្វើការប៉ាន់ស្មានថា ក្លិននេះនឹងអាចត្រូវខាតបង់ទឹកប្រាក់ប្រមាណ ២៧៧លានដុល្លាររហូតដល់ខែមិថុនា ឆ្នាំ២០២១ នៅពេលដែលកីឡដ្ឋានថ្មីរបស់ពួកគេមិនមានអ្នកគាំទ្រក្នុងការប្រកួត ខណៈគ្រប់កម្មវិធីមួយចំនួន មានដូចជាលក្ខណៈវប្បធម៌ ដែលត្រៀមធ្វើឡើងនៅ Tottenham Stadium ផងនោះ ក៏ត្រូវបានលុបចោលទៀតផង។
ក្នុងនោះកីឡដ្ឋានដែលត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ មានដូចជាការប្រកួតប្រដាល់សកលកម្រិតទម្ងន់ធ្ងន់ពិភពលោក World heavyweight Championship រវាងកីឡាករ Anthony Joshua ប៉ះ Kubrat Pulev និងការប្រគំតន្រ្តីរបស់តារាចម្រៀង Lady Gaga សុទ្ធតែត្រូវបានលុបចោលទាំងអស់។
ក្លិបដែលស្ថិតនៅទីក្រុង London ជាមួយ Arsenal និង Chelsea នោះបានកំពុងដឹកនាំដោយអ្នកចាត់ការទូទៅព័រទុយហ្គាល់ Jose Mourinho ក៏ត្រូវបង្វិលទឹកប្រាក់មួយចំនួនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយវិញដែរ ដោយសារតែក្នុងរយៈពេលជាង ៣ខែមកនេះពុំមានការប្រកួត ខណៈការខ្ចីទឹកប្រាក់ ២២០លានដុល្លារជាមួយការប្រាក់ ០.៥% ជាជំនួយរបស់កម្មវិធី Covid Corperate Financing facility (CCFF) ដើម្បីឲ្យក្លិបជួបវិបត្តិខ្ចី ដើម្បីទប់លំនឹងហិរញ្ញវត្ថុដែលមានសិទ្ធិទទួលបាន៕៕