(កេរ៉ាឡា)៖ ក្រុមមន្ត្រីអភិរក្សសត្វព្រៃ នៅក្នុងប្រទេសឥណ្ឌា កំពុងស៊ើបអង្កេតលើករណីសត្វដំរីផើមមួយក្បាលដែលងាប់ ក្រោយពីវាបានស៊ីម្នាស់មួយផ្លែមានញាត់ផាវផ្ទុះ ហើយហេតុការណ៍នេះបានបង្កការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេស និងទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានឥណ្ឌា APN នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីបរិស្ថានឥណ្ឌា លោក ប្រាកាស ចាវ៉ាដេកា (Prakash Javadekar) បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា អាជ្ញាធរកំពុងដាក់ការសង្ស័យលើមនុស្សបីនាក់ ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលឥណ្ឌាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះករណីសត្វដំរីផើមមួយក្បាល ដែលងាប់ក្រោយពីវាបានស៊ីម្នាស់ មួយផ្លែមានញាត់ផាវផ្ទុះ។ យើងកំពុងធ្វើការស៊ើបអង្កេត ហើយការញត់ផាវ និងសម្លាប់សត្វរបៀបនេះ មិនមែនជាវប្បធម៌ឥណ្ឌានោះទេ»

គួរជម្រាបថា សត្វដំរីមានអាយុ ១៥ឆ្នាំខាងលើ និងកំពុងពពោះកូន ០២ខែទៅហើយ ត្រូវបានគេជឿជាក់ថា បានវង្វេងចូលក្នុងភូមិអ្នកស្រុកស្ថិតនៅក្បែរឧទ្យានជាតិសៃឡេន (Silent Valley National Park) នៅក្នុងតំបន់ ផាឡាកខាដ (Palakkad) នៃរដ្ឋកេរ៉ាឡា (Kerala) និងបានងាប់ក្នុងស្ថានភាពដ៏គួរឲ្យខ្លោចផ្សាបំផុតកាលពីថ្ងៃទី២៧ ខែឧសភា នៅក្នុងស្ទឹងមួយ។

ហេតុការណ៍នេះបានបង្កការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម នៅទូទាំងប្រទេសឥណ្ឌា និងប្រទេសជាច្រើនលើពិភពលោក ក្រោយមន្ត្រីអភិរក្សម្នាក់បង្ហោះរូបភាពសត្វដំរីនេះងាប់។ ក្រុមមន្ត្រីបានព្យាយាមជួយសង្រ្គោះសត្វដំរីនោះណាស់ដែរ តែមិនអាចទៅរួចហើយ ហើយមកទល់នឹងពេលនេះ អាជ្ញាធរមិនអាចបញ្ជាក់បានពីមូលហេតុ ឬថាតើនរណាជាអ្នកញាត់ផាវ ក្នុងម្នាស់ឱ្យដំរីនេះស៊ីនៅឡើយនោះទេ៕