(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសកាលបរិច្ឆេទ អំពីការដំណើរការប្រកួតឡើងវិញនៃបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ដែលនឹងបន្ដការប្រកួតសប្ដាហ៍ទី៦ នៅថ្ងៃទី៤-៥ ខែកក្កដាខាងមុខ ប៉ុន្ដែមានការផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន សម្រាប់ការប្រកួតជើងទី២។

CNCC បានបញ្ជាក់ថា សម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដោយប្រើរូបមន្ដធម្មតា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ នៅថ្ងៃទី១២-១៣ ខែកញ្ញា រីឯជើងទី២ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ប៉ុន្ដែអ្វីដែលបានកែប្រែ គឺក្លិបទាំង១៣ បានព្រមព្រៀងគ្នា ដោយចាប់ពីជើងទី២ ទៅ ក្រុមកំពូលតារាងទាំង៦ នឹងត្រូវប្រកួតប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ចំណែកក្រុមឈរលេខ៧ ដល់លេខ១៣ នឹងបន្ដការប្រកួតគ្នាជាធម្មតា។

ចំពោះការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកជើងទី២ នឹងប្រើប្រព័ន្ធ Head-Head វិញ។

ដោយឡែកការផ្លាស់ប្ដូរកីឡាករក្នុងការប្រកួតវិញ ក៏ត្រូវបានបង្កើនពី ៣នាក់ ដល់ ៥នាក់ដែរ តែផ្លាស់ប្ដូរបាន ៣លើកប៉ុណ្ណោះ ក្នុង១ប្រកួត។ ចំណែកទីផ្សារដោះកីឡាករ ត្រូវបាន CNCC អនុញ្ញាតឲ្យក្លិបនីមួយៗប្ដូរកីឡាករបាន ៥នាក់ ដែលមានកីឡាករកម្ពុជា ៣នាក់ និងកីឡាករបរទេស ២នាក់ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី០៨-សីហា ដល់ថ្ងៃទី០៧-កញ្ញា ឆ្នាំ២០២០។

ទន្ទឹមជាមួយគ្នា CNCC ក៏បានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនៃការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដោយការប្រកួតថ្នាក់ខេត្ត នឹងត្រូវបន្ដការប្រកួតឡើងវិញចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា មុនចាប់ផ្ដើមការប្រកួតពានរង្វាន់ថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

យ៉ាងណាមិញ CNCC ក៏បានបញ្ជាក់ជាថ្មីដែរថា ការប្រកួតឡើងវិញ ទាំងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាឡើយ ដោយអនុវត្តតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗ ពោលគឺអនុញ្ញាតត្រឹមក្រុមការងារបច្ចេកទេស និងសមាសភាពក្រុមត្រូវប្រកួតតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា មុនផ្អាកបណ្ដោះអាសន្នដោយសារវិបត្តិកូវីដ-១៩ គឺក្លិបភ្នំពេញក្រោន បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ១៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១។ ចំណែកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺបានបញ្ចប់ការប្រកួតវគ្គចែកពូលរួចរាល់ហើយ៕