(ញូយ៉ក)៖ ការឆ្លងរាតត្បាត COVID-19 ក្នុងរយៈពេល៣ខែកន្លងមកនេះ បានបង្កផលប៉ះអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវិភាពរស់នៅរបស់ប្រជាជន នៅជុំវិញ ពិភពលោក ជាពិសេសគឺប្រជាជនអាមេរិកតែម្ដង ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែជំងឺឆ្លងរាតត្បាតសកលមួយនេះ។ ប៉ុន្តែ COVID-19 មិនបានធ្វើឱ្យក្រុម មហាសេដ្ឋីអាមេរិកឈឺក្បាលវិលមុខនោះទេ ផ្ទុយទៅវិញ បែរជួយឱ្យពួកគេរកលុយបានរាប់រយពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

បើតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយដោយវិទ្យាស្ថានសម្រាប់សិក្សាគោលនយោបាយ (Institute for Policy Studies) គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនាមក មហាសេដ្ឋី ទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ប្រមូលបានប្រាក់សរុប​ ៥៦៥ពាន់លានដុល្លារ ពីអាជីវកម្មរបស់ពួកគេ ធ្វើឱ្យទ្រព្យសរុបរបស់ពួកគេកើនដល់ ៣.៥ទី្រលានដុល្លារ ឬកើន ឡើង១៩ភាគរយ ចាប់តាំងពីការចាប់ផ្ដើមឆ្លងរាតត្បាត COVID-19។ របាយការណ៍ដដែល ឱ្យដឹងទៀតថា គ្រាន់តែម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Bezos តែម្នាក់ឯង ប៉ុណ្ណោះ អាចកើបលុយបានរហូតដល់ទៅ ៣៦.២ពាន់លានដុល្លារ ពោលគឺច្រើនជាងលុយដែលលោករកបានគិតត្រឹមថ្ងៃទី១៨ ខែមីនា។

ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃទី១៨ ខែមីនាមកដែរ ប្រជាជនអាមេរិកជិត ៤៣លាននាក់ បានដាក់ពាក់ស្នើសុំអត្ថាប្រយោជន៍គ្មានការងារធ្វើ ហើយអ្នកដែលរកបានចំណូលទាប ជាពិសេស អ្នកធ្វើការនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្មបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19​។

គួរជម្រាបថា ក្រៅពីលោក Jeff Bezos, នាយកប្រតិបត្តិក្រុមហ៊ុន (CEO) Facebook លោក Mark Zuckerberg រកចំណូលបាន ៣០.១ពាន់លានដុល្លារ ខណៈមហាសេដ្ឋី ដទៃទៀតដូចជាម្ចាស់ក្រុមហ៊ុន Tesla និង Space X​ លោក Elon Musk, សហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin និងលោក Larry Page រួមទាំងអតីត​នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Steve Ballmer សុទ្ធតែរកបានចំណូលម្នាក់ ១៣ពាន់លានដុល្លារ ឬច្រើនជាងនេះ គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនា​ដួចគ្នា៕