(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន (CEO) ក្រុមហ៊ុន Tesla និង Space X លោក Elon Musk បាននិយាយថា វាដល់ពេលវេលាហើយដែលត្រូវបំបែកក្រុមហ៊ុន Amazon ខណៈការលើកឡើងបែបនេះកំពុងដុតបញ្ឆេះជម្លោះជាមួយលោក Jeff Bezos ដែលជា CEO ក្រុមហ៊ុន Amazon និងជាកំពូលមហាសេដ្ឋីលេខ១លើលោក នាពេលបច្ចុប្បន្ននេះ ដែលកំពុងវិនិយោគក្នុងវិស័យអវកាស ប្រជែងជាមួយលោក Musk។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
លោក Elon Musk ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងចង់និយាយសំដៅទៅកាន់កំពូលមហាសេដ្ឋីមានដាច់គេ នៅលើពិភពលោក គឺលោក Jeff Bezos។ លោក Musk បានសរសេរនៅលើសារនោះដូច្នេះថា៖ «វាពេលវេលាហើយ ដែលត្រូវបំបែកក្រុមហ៊ុន Amazon។ ការគ្រប់គ្រប់ ទីផ្សារផ្គត់ផ្គង់ និងសេវាកម្មតែម្នាក់ឯងផ្ដាច់មុខ គឺជាកំហុស»។
គួរបញ្ជាក់ថា ការបង្ហោះសាររបស់លោក Elon Musk ធ្វើឡើងបន្ទាប់ពីអ្នកនិពន្ធម្នាក់គឺលោក Alex Berenson បានបង្ហោះសារនៅលើ Twitter ដោយនិយាយថា សៀវភៅ របស់លោកមានចំណងជើងថា «Unreported Truths About COVID-19 and The Lockdown» ត្រូវបានលុបចេញពី Kindle eBook របស់ក្រុមហ៊ុន Amazon ដោយសារតែរំលោភលើគោលការណ៍មួយចំនួន។
តែទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន Amazon សៀវភៅនេះត្រូវបានលុបចេញពី Kindle eBook ដោយសារកំហុសបច្ចេកទេស ហើយបច្ចុប្បន្នសៀវភៅនេះ កំពុងត្រូវបានដំឡើងឡើងវិញ ហើយថាខាងក្រុមហ៊ុនក៏បានជូនដំណឹងដល់អ្នកនិពន្ធផងដែរ៕