(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា កំពុងមានទុក្ខជាទម្ងន់ ដោយសារលោកយាយជាទីស្រឡាញ់ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ដោយរោគាពាធ។ ដំណឹងនេះ បានធ្វើឲ្យមិត្តរួមអាជីពសិល្បៈជាមួយ សុគន្ធ និសា សម្ដែងក្ដីដោកស្ដាយ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនាងគ្រប់ៗគ្នា។
ជាការកត់សម្គាល់ តាមរយៈសារបង្ហោះក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក សុគន្ធ និសា បានសរសេរថា «ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ ប្រៀបដូចជាសុបិន្ត ទៅកន្លែងដែលមិនបានគិតថាទៅ កន្លែងដែលមិនចង់ទៅ បែរជាត្រូវទៅ ដល់ការគិតវាមិនដូចការពិត គ្មានអ្នកណាដឹងមុនថា នឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត មានសុខក៏មានទុក្ខ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត អ្វីៗគឺតាមដំណើរធម្មជាតិ (សូមវិញ្ញាណក្ខន្ធរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ)»។
ជាការកត់សម្គាល់ ក្រោយពីទទួលដំណឹងដ៏សោកសៅនេះហើយ គេសង្កេតឃើញថា មានអ្នកសិល្បៈរួមអាជីពជាច្រើន បានអញ្ជើញទៅចូលរួមពិធីបុណ្យសពលោកយាយរបស់ សុគន្ធ និសា ជាបន្តបន្ទាប់។ ជាមួយគ្នានេះ Fresh News Plus សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សុគន្ធ និសា ដែលបានបាត់បង់លោកយាយជាទីស្រឡាញ់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕