(តូរីន)៖ កីឡាករ Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់លេខ៣ លើលោក ក្នុងនាមជាអ្នករកបានចំណូលច្រើនជាងគេពីវិស័យកីឡា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Forbes Celebrity 100 តាមរយៈ All Football។
CR7 ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Juventus របស់អ៉ីតាលីនោះ រកបាន ១០៥លានដុល្លារ (មិនទាន់កាត់ពន្ធ) កាលឆ្នាំ២០១៩ ដែលធ្វើឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះ កើនប្រាក់ចំណូលក្បែរពាន់លានដុល្លារនាពេលបច្ចុប្បន្ន។
តែយ៉ាងណា អតីត Super star នៃក្លិបបិសាចក្រហម Manchester United និងអធិរាជស Real Madrid ដែលកើនវ័យ ៣៥ឆ្នាំទៅហើយនោះ នៅចាញ់កីឡាករវាយកូនហ្គោល Tiger Woods ដែលនៅលេខ១ និងកីឡាករប្រ ដាល់សកលទម្ងន់មធ្យមពិភពលោក Floyd Mayweather (ចូលនិវត្តន៍ឆ្នាំ២០១៥) ឈរនៅលេខ២ របស់អាមេរិកដូចគ្នា ទៅវិញទេ។
ក៏ប៉ុន្តែបើនិយាយតែពីបាល់ទាត់វិញ Ronaldo ឈរនៅចំណាត់ថ្នាក់លេខ១ ដោយមានប្រាក់សុទ្ធ ៧៦៥លានដុល្លារ ដែលទទួលបានពីប្រាក់ខែ និងមួយចំនួនទៀតបានពីការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតនានា គ្រាដែលលេខ២ បានទៅគូប្រជែងលើវាលស្មៅដូចគ្នា Lionel Messi របស់ក្លិប FC Barcelona ដែលមានតែ ៦០៥លានដុល្លារប៉ុណ្ណោះ គិតចាប់តាំងពីគេ (Messi) ចូលលេងឲ្យអ្នកមានបុណ្យក្នុងឆ្នាំ២០០៥ មក។
បន្ថែមលើនេះទៀត បុរសកូន ៤នាក់ Ronaldo ក៏មានចំនួនអ្នក Follow នៅតាមបណ្តាញសង្គមច្រើនជាងគេផងដែរ មានដូចជា Instagram មានរហូតដល់ ២២២.៤លាននាក់, Twitter មាន ៨៥.៣លាននាក់ និង ១១២លាននាក់នៅលើ Facebook៕