(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានត្រឡប់ចូលជំរំហ្វឹកហាត់វិញហើយ ក្រោយសម្រាកជាង ២ខែ ដោយសារវិបត្តិជំងឺកូវីដ-១៩ (COVID-19) ហើយគ្រូបង្គោលលោក ស៉ុ វណ្ណា បានបង្ហាញក្ដីបារម្ភធំមួយជុំវិញការងាយរងរបួសរបស់កូនក្រុម បើសិនមានការហ្វឹកហាត់ខ្លាំងជ្រុល ដើម្បីត្រៀមបន្ដការប្រកួតជាថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។ យ៉ាងណាមិញលោកថា នឹងប្រើបទពិសោធន៍ជោគជ័យកាលពីដើមរដូវកាល ដើម្បីស្វាគមន៍ការប្រកួតបន្ដដែលគ្រោងចាប់ផ្ដើមនាដើមខែក្រោយ។

ម្ចាស់ពានគ្រូបង្វឹកល្អប្រចាំខែកុម្ភៈខាងលើបានបញ្ជាក់ថា «ក្រោយយើងសម្រាករយៈពេលមួយដ៏យូរ ខ្ញុំគិតថា យើងនឹងប្រឈមបញ្ហាធំៗច្រើន ដូចជាយើងត្រូវការពេលវេលា ៤ ទៅ ៥សប្ដាហ៍ ដើម្បីរៀបចំកីឡាករឲ្យទៅសភាពដើមវិញ...។ តែអ្វីដែលយើងព្រួយបារម្ភខ្ពស់បំផុត គឺកីឡាករមួយចំនួនងាយនឹងរងរបួស បើសិនយើងបង្ខំគាត់ឲ្យហ្វឹកហាត់ខ្លាំង ដោយសារអំឡុងពេលកសម្រាក អ្នកខ្លះបានអនុវត្ត Fitness នៅផ្ទះ អ្នកខ្លះធ្វើបានបន្ដិចបន្ទួច អ្នកខ្លះស្ទើរតែធ្វើមិនបាន ហើយពេលយើងចូលមករាងយឺតជាគេទៀត ធ្វើឲ្យរឹតតែបារម្ភ»

ប៉ុន្ដែទោះជាយ៉ាងណា លោក ស៉ុ វណ្ណា នៅតែជឿជាក់លើកូនក្រុម និងក្រុមការងាររបស់ខ្លួន នឹងព្យាយាមស្ដារឡើងវិញ ដោយប្រើបទពិសោធន៍ធ្លាប់ធ្វើបានល្អកាលពីដើមរដូវកាល ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួន។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ក៏ព្រោះលោកសង្កេតឃើញកីឡាករម្នាក់ៗមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ចំពោះការប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ២០២០ ដោយពួកគេសុទ្ធតែប្ដេជ្ញាជួយក្លិបប្រជែងយកពានឲ្យបាន។

អតីតគ្រូបង្វឹកក្រុមវេស្ទើនបន្ដថា «យើងគិតថា រយៈពេល ៥សប្ដាហ៍ ឬក៏រដូវ Pre-Season ដែលយើងបានធ្វើ មុនចាប់ផ្ដើមរដូវកាលថ្មី យើងយកទាំងអស់ហ្នឹង ជាបទពិសោធន៍ ដើម្បីចាប់យកចំណុចមួយ ក្រៅពីរយៈពេល ៥សប្ដាហ៍ ដែលយើងបានធ្វើដោយជោគជ័យ មកធ្វើជាបទពិសោធន៍ ហើយយើងក៏មើលចំណុចណា ដែលថ្មីមួយផ្សេងទៀត ដើម្បីឲ្យកីឡាករ គាត់សម្របសម្រួលជាមួយនឹងផែនការរបស់យើង សម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងជុំទី១»

បន្ថែមលើនេះ លោក វណ្ណា ក៏បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យមានសកម្មភាពកីឡាឡើងវិញ ពិសេសការប្រកួតលីគ ទោះបីជាការប្រកួតបិទទ្វារក្ដី តែលោកគាំទ្រ ដ្បិតនេះគឺជាការពង្រឹង និងរក្សានូវសក្ដានុពល ក្នុងការអភិវឌ្ឍន៍វិស័យកីឡាជាតិ ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

គួរដឹងថា ភ្នំពេញក្រោន មុនលីគផ្អាកការប្រកួត ដោយជំងឺរាតត្បាតជាសកល COVID-19 អតីតក្លិបជើងឯក ៦សម័យកាលនេះ បាននឹងកំពុងគ្រប់គ្រងកៅអីកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន១៣ពិន្ទុ ស្មើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង តែមានគ្រាប់បាល់ចំណេញច្រើនជាង។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលីគចាប់ផ្ដើមឡើងវិញ ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្លិបវិសាខា៕