(កាតា)៖ ប្រទេសកាតា បានប្រកាសពីការបញ្ចប់ទាំងស្រុងនូវការសាងសង់ពហុកីឡដ្ឋានទី៣របស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា ឆ្នាំ២០២២ ស្របពេលដែលដែនដីគ្រប់គ្រងដោយអាណាចក្រឥស្លាមមួយនេះ បានរៀបចំនូវពិធីរំលឹកខួបលើកទី៣ នៃជម្លោះក្នុងតំបន់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

ពហុកីឡដ្ឋាន Education City ត្រូវបានសាងសង់ឡើង ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ត នៃព្រឹត្តិការណ៍ Club World Cup នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំនេះ ប៉ុន្តែកម្មវិធីបើកនៃព្រឹត្តិការណ៍នេះត្រូវបានផ្អាកដោយសារតែការពន្យារពេល នៃការផ្តល់វិញ្ញាបនប័ត្រ។

រយៈពេល២ឆ្នាំកន្លះ មុនពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ចាប់ផ្តើម, កាតា បានកសាងរួចជាស្រេចនូវពហុកីឡដ្ឋានថ្មី ឈ្មោះ Al-Janoub ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ៤០,០០០នាក់ និងបានតុបតែងជាថ្មី នូវពហុកីឡដ្ឋាន Khalifa International ផងដែរ។

ព្រមជាមួយគ្នានោះពហុកីឡដ្ឋានថ្មី ចំនួន៥កន្លែងផ្សេងទៀត កំពុងស្ថិតនៅក្រោមការសាងសង់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ Word Cup ឆ្នាំ២០២២ខាងមុខ។

គួរជម្រាបថា នៅថ្ងៃសុក្រនេះ កាតា បាននូវពិធីរំលឹកខួប៣ឆ្នាំ ដែលអារ៉ាប៊ីសាអូឌីត បានដឹកនាំក្នុងការធ្វើឲ្យកាតា នៅដាច់ដោយឡែកពីគេ ដោយការអះអាងថា កាតាបានគាំទ្រដល់ សកម្មភាពឧទ្ទាមឥស្លាម និងមានភាពជិតស្និទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់ ស្របពេលដែលកាតា បានបដិសេធដាច់ខាតចំពោះទង្វើរទាំងនេះ៕