(តូក្យូ)៖ មន្ត្រីថ្នាក់កំពូលមួយរូប មកពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Tokyo Olympic Games បានប្រាប់ឲ្យដឹងថា លោកមិនប្រាកដក្នុងចិត្តនោះទេ ថាតើព្រឹត្តិការណ៍កីឡា 2020 Olympic Games ដែលត្រូវបានផ្អាកនោះ នឹងអាចរៀបចំធ្វើឡើង នៅរដូវក្តៅ ឆ្នាំក្រោយបាន ឬយ៉ាងណានោះទេ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៦ ខែមិថុនានេះ។

លោក Toshiaki Endo អនុប្រធានម្នាក់ ក្នុងចំណោមអនុប្រធានជាច្រើននាក់ នៃព្រឹត្តិការណ៍ Tokyo 2020 បានលើកឡើងថា «ការជ្រើសរើសអត្តពលិក នៅអំឡុងខែមីនាឆ្នាំក្រោយ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ។ គណៈកម្មាធិការរៀបចំ នឹងត្រូវធ្វើការសំរេចចិត្តមួយចំនួន ដោយពិចារណា លើស្ថានភាពនៅពេលនោះ»។

លោក Endo វ័យ៧០ឆ្នាំ ដែលអតីតជារដ្ឋមន្ត្រី Olympic បានលើកឡើងថា វានៅមានការប៉ាន់ស្មានជាច្រើនទៀត ហើយវានៅមិនច្បាស់នោះទេ ថាតើអ្វីទៅជាស្ថានភាពថ្មី នៃការរីករាលដាល នៃវីរ៉ុស COVID-19 នៅរដូវក្តៅឆ្នាំក្រោយ។ វានៅមានការពិភាក្សាគ្នាច្រើនទៀត ដើម្បីសម្រេចថា នឹងត្រូវរៀបចំព្រឹត្តិការណ៍ Olympic Games ឬក៏អត់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Olympic Games ត្រូវបានគេគ្រោងនឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំក្រោយ ហើយការរៀបចំព្រឹត្តិការណ៍ Paralympic Game នឹងប្រារព្ធឡើង ចម្លោះពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំក្រោយ៕