(វ៉ាស៊ីនតោន)៖ លំហអវកាសគឺជាទីកន្លែងចុងក្រោយ ដែលមនុស្សលោកត្រូវស្រាវជ្រាវរុករកពិតមែន ប៉ុន្តែបើគ្មានសម្លៀកបំពាក់ ការពារដ៏ល្អបំផុតទេនោះ ពួកយើងមិនអាចសម្រេចគោលដៅនេះបានឡើយ។ មកទល់បច្ចុប្បន្ន ទីភ្នាក់ងារអវកាសរបស់អាមេរិក NASA ធ្លាប់បានអភិវឌ្ឍក៏ដូចជាប្រើប្រាស់ឈុតអវកាសខុសៗគ្នា ដើម្បីឲ្យអវកាសយានិករបស់ខ្លួនស្លៀកឡើងទីអវកាស។

* ឈុត Mercury (១៩៦១-១៩៦៣)

គម្រោង Project Mercury គឺជាពេលដែលពលរដ្ឋអាមេរិកដំបូងគេ បានធ្វើដំណើរឡើងទៅដល់គន្លងអវកាសក្បែរផែនដីយើង។ ឈុតនេះត្រូវបាន NASA កែច្នៃបន្ថែមចេញពី ឈុតដែលអាកាសយានិករបស់កងទ័ពជើងទឹកអាមេរិក ស្លៀកពេលបើកយន្តហោះ ក្នុងបេសកកម្ម ដែលតម្រូវឲ្យស្ថិតនៅរយៈកម្ពស់ខ្ពស់ខ្លាំង។ អវកាសយានិកអាមេរិក៦នាក់ធ្លាប់ស្លៀកឈុតនេះឡើងទីអវកាស មុនពេល NASA សម្រេចបញ្ឈប់ការប្រើប្រាស់វា។

* ឈុត Gemini (១៩៦៥-១៩៦៦)

គម្រោង Project Gemini គឺជាកម្មវិធីអវកាសទីពីររបស់អង្គការ NASA។ ឈុត Gemini ត្រូវបានរចនាឡើងដោយក្រុមហ៊ុនឈ្មោះ David Clark ជាមួយគោលដៅឲ្យវាងាយស្រួលក្នុងការធ្វើចលនា ហើយមានផាសុខភាពជាងមុនសម្រាប់អវកាសយានិក។ ទោះ ជាបែបនេះក្តី វាមានទម្ងន់ចន្លោះខ្ទង់៧គីឡូក្រាម។

* ឈុត Gemini G4C (១៩៦៥-១៩៦៦)

ឈុតអវកាស Gemini ប្រភេទ G4C ត្រូវបានរចនាឡើង ដើម្បីឲ្យអវកាសយានិកអាចចាកចេញពីយានបាន ហើយបណ្តែតខ្លួន ក្នុងទីអវកាស។ ឈុតប្រភេទ G4C អាចមានទម្ងន់រហូតដល់១៧គីឡូក្រាម។ ឈុតអវកាសដែលគេប្រើក្នុងយានអវកាស គឺជាការ ការពារក្នុងករណីដែលមានការលេចធ្លាយសម្ពាធក្នុងយានអវកាស ខណៈឈុតដូច Gemini G4C នេះ គឺសម្រាប់ការពារអវកាស យានិក នៅក្នុងលំហអវកាសផ្ទាល់តែម្តង។

* ឈុត Apollo (១៩៦៧-១៩៧៥)

អំឡុងបេសកកម្មនេះ NASA បានអភិវឌ្ឍឈុតអវកាសថ្មីផ្សេងទៀត ដែលផ្តល់ការការពារជាពិសេស សម្រាប់អវកាសយានិក ពីបរិស្ថាននៅលើផ្ទៃព្រះច័ន្ទ។ ឈុត Apollo អាចប្រើបានរយៈពេល៤ម៉ោង នៅក្រៅយានអវកាស។ ឈុតនេះនៅលើផែនដីយើង មានទម្ងន់៨០គីឡូក្រាម ប៉ុន្តែលើផ្ទៃព្រះច័ន្ទដែលមានកម្លាំងទំនាញទាប គឺវាមានទម្ងន់ប្រហែល១៣គីឡូក្រាមប៉ុណ្ណោះ។

* ឈុត Space Shuttle ដំបូង (១៩៨១)

បេសកកម្មហៅថា STS-1 (Space Transportation System-1) គឺបេសកកម្មដំបូងនៃកម្មវិធីយាន Space Shuttle របស់ NASA។ ក្នុងបេសកកម្មនោះ យាន Space Shuttle ឈ្មោះ Columbia បាននាំយកអវកាសយានិកអាមេរិក២នាក់ ឡើងទៅកាន់ទីអវកាស ហើយធ្វើដំណើរនៅក្បែរផែនដីរយៈពេល៣៧នាទី មុនពេលត្រឡប់ចូលក្នុងស្រទាប់បរិយាកាស និងសំកាំងខ្លួនមកចុះចតនៅលើ ផ្ទៃភពរបស់យើងវិញ។

ដោយសារពេលនោះ អវកាសយានិកទាំងពីរនាក់មិនបានត្រូវចាកចេញពីយានអវកាស ដូច្នេះពួកគេស្លៀកតែឈុតអវកាសធម្មតា ប៉ុណ្ណោះ ដែលដូចទៅនឹងករណីឈុត Mercury ដែរ គឺវាត្រូវបានច្នៃចេញមកពីឈុតដែលអាកាសយានិករបស់កងទ័ពជើងអាកាស អាមេរិក ប្រើប្រាស់ក្នុងបេសកកម្មដែលនៅរយៈកម្ពស់ខ្ពស់ខ្លាំង។

* ឈុត Space Shuttle ផ្លូវការ (១៩៨៨-២០១១)

ឈុតសម្លៀកបំពាក់ដែលអវកាសយានិកអាមេរិកប្រើប្រាស់ជាផ្លូវការ អំឡុងបេសកកម្ម Space Shuttle គឺពេលខ្លះត្រូវគេហៅថា «ឈុតល្ពៅ» ដោយសារពណ៌របស់វា។

* ឈុត Extravehicular Mobility Unit ឬ EMU (១៩៨៣-បច្ចុប្បន្ន)

អវកាសយានិកអាមេរិកសម័យកម្មវិធី Space Shuttle តែងតែត្រូវធ្វើការងារជាប្រចាំនៅក្នុងលំហអវកាសផ្ទាល់ ដើម្បីពិនិត្យមើល ផ្កាយរណប ព្រមទាំងសាងសង់ និងជួលជុលស្ថានីយអវកាសអន្តរជាតិ (ISS)។ ដូច្នេះពួកគេត្រូវការឈុតអវកាសពិសេសមួយ ហើយ NASA ក៏បានបង្កើតឈុត EMU ឡើង។ ឈុតនេះមានស្រទាប់ការពារ១៤ស្រទាប់ និងអាចទ្រទ្រង់ជីវិតអវកាសយានិក បានរហូតដល់៨ម៉ោង។ នៅលើផ្ទៃផែនដីវាអាចមានទម្ងន់ដល់ទៅខ្ទង់១៤០គីឡូក្រាម។

អង្គការ NASA ក៏មានឧបករណ៍ដែលដូចជាកាបូបស្ពាយធំមួយនៅខាងក្រោយផងដែរសម្រាប់ឈុត EMU ហៅថា MMU (Manned Maneuvering Unit)។ វាអនុញ្ញាតឲ្យអវកាសយានិកផ្លាស់ទីដោយសេរី និងមិនចាំបាច់ត្រូវចងខ្សែភ្ជាប់នៅនឹង ស្ថានីយ ISS នោះទេ។ សព្វថ្ងៃនេះ អវកាសយានិកអាមេរិកនៅលើស្ថានីយ ISS ប្រើប្រាស់ឈុត EMU ដែលទំនើបជាងឈុត EMU ដើម ដើម្បីមើលថែទាំស្ថានីយអវកាសអន្តរជាតិនេះ។

ឈុតអវកាស EMU ត្រូវបានរចនាឡើងដំបូងជាមួយអាយុកាលប្រើប្រាស់តែ១៥ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន ក្នុងចំណោមឈុត EMU ដើមចំនួន១៨ឈុត មានត្រឹមតែ១១ឈុតទេ ដែលកំពុងបន្តស្ថិតក្រោមការប្រើប្រាស់ ហើយក្នុងចំណោម១១ឈុតនោះ ៤ឈុត ស្ថិតនៅលើស្ថានីយ ISS។

* ឈុត Sokol (បច្ចុប្បន្ន)

ឈុតអវកាសនេះ គឺយើងទាំងអស់គ្នាឃើញអវកាសយានិកប្រើសព្វថ្ងៃ ពេលពួកគេចេញដំណើរចេញពីផែនដី ឬត្រឡប់ចុះមក វិញ ហើយតាមពិតវាគឺជាឈុតអវកាសរបស់ប្រទេសរុស្ស៉ី។ ឈុតអវកាសទម្ងន់ជិត១០គីឡូក្រាមនេះ ត្រូវបានប្រើប្រាស់សម្រាប់ អវកាសយានិកទាំងឡាយ ដែលធ្វើដំណើរនៅក្នុងយានអវកាសរុស្ស៉ី Soyuz។

ចាប់តាំងពីកម្មវិធីយាន Space Shuttle របស់ខ្លួនចូលនិវត្តន៍កាលពីឆ្នាំ២០១១ អង្គការ NASA បានពឹងផ្អែកលើយានរុស្ស៉ីរហូតមក ក្នុងការបញ្ជូនអវកាសយានិកអាមេរិកឡើង-ចុះស្ថានីយ ISS។

* ឈុត Crew Dragon

ទោះបានពឹងផ្អែកលើរុស្ស៉ីអស់ច្រើនឆ្នាំក៏ដោយ ឥឡូវអង្គការ NASA កំពុងតែងាកមកត្រៀមប្រើប្រាស់យានរបស់អាមេរិក ដើម្បី បញ្ជូន អវកាស យានិកខ្លួនឡើងទៅស្ថានីយអវកាសអន្តរជាតិវិញ។ NASA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកចំនួន២ គឺ SpaceX និង Boeing ដើម្បីអភិវឌ្ឍយានអវកាសសម្រាប់ដឹកជញ្ជូនអវកាសយានិកអាមេរិក។

ថ្មីៗកន្លងទៅនេះ NASA និង SpaceX ទើបតែបញ្ជូនអវកាសយានិក២នាក់ ឡើងទៅស្ថានីយអវកាសអន្តរជាតិ តាមរយៈយាន Crew Dragon របស់ SpaceX។ កំឡុងពេលនោះ អវកាសយានិកទាំង២នាក់របស់ NASA ស្លៀកឈុតអវកាស ដែលត្រូវបាន រចនាឡើងដោយក្រុមហ៊ុន SpaceX។ បេសកកម្មនោះ ជាការធ្វើតេស្តដឹកជញ្ជូនអវកាសយានិកជាលើកដំបូងរបស់យាន Crew Dragon។

* ឈុត Starliner

វាឈុតរបស់យានអវកាសក្រុមហ៊ុន Boeing ដែលមើលទៅមានពណ៌យ៉ាងលេច គឺពណ៌ខៀវ និងទម្ងន់ជាង៥គីឡូក្រាម។ អវកាសយានិករបស់ NASA មិនទាន់បានប្រើ ឈុតនេះនៅឡើយទេ ព្រោះការធ្វើតេស្តដឹកជញ្ជូនអវកាសយានិករបស់យាន CST-100 Starliner មិនទាន់ប្រព្រឹត្តទៅនោះទេ។

* ឈុត Artemis

កាលពីខែតុលា ឆ្នាំ២០១៩ អង្គការ NASA បានបង្ហាញគំរូឈុតអវកាសថ្មីចំនួនពីរ សម្រាប់កម្មវិធី Artemis ដែលជាគម្រោងបញ្ជូន អវកាសយានិកអាមេរិកទៅកាន់ផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤។ ក្នុងនោះឈុតពណ៌ស លាយខៀវនិងក្រហមហៅថា xEMU ជាឈុត សម្រាប់ការចុះដើរនៅផ្ទៃព្រះច័ន្ទ និងឈុតពណ៌ទឹកក្រូចសម្រាប់ការជិះក្នុងយានអវកាស Orion ហៅថា Orion Crew Survival System៕

ប្រភព៖ វែបសាយ Business Insider