(ប៊ែកឡាំង)៖ កីឡាករខ្សែការពារកណ្តាល Makoto Hasebe បានបំបែកកំណត់ត្រា១ តាមរយ:ចូលលេងបាន ៣០៩ប្រកួតច្រេីនជាងកីឡាករនៅអាស៊ីណាៗទាំងអស់ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga។

យោងតាមការចេញផ្សាយដោយ Channel News Asia បានឲ្យដឹងថា ខ្សែការពារវ័យ ៣៦ឆ្នាំ Hasebe បានចូលលេងពេញម៉ោង ៩០នាទីពេលក្រុមម្ចាស់ Eintracht Frankfurt ប្រកួតចាញ់ក្រុមភ្ញៀវ Mainz 05 ក្នុងលទ្ធផល ២-០ ដែលជាការចូលលេងលេីកទី ៣០៩ប្រកួត ក្នុងរយ:ពេល ១២ឆ្នាំមកនេះ។

អតីតប្រធានក្រុមជម្រេីសជាតិសាម៉ូរៃខៀវជប៉ុន ដែលបានលាឈប់ ក្រោយបញ្ចប់ World Cup 2018 នោះ បានផ្លាស់មកលេងនៅ Bundesliga កាលឆ្នាំ២០០៨ ក្នុងក្លិប Wolfsburg មុនផ្លាស់ទៅ Frankfurt នៅឆ្នាំ២០១៤ ដល់បច្ចុប្បន្ន បន្ទាប់ពីចាកចេញពីក្លិប ក្នុងស្រុក Urawa Red Diamonds ដែលលេងក្នុងលីគកំពូលជប៉ុន J-League។

Hasebe បានថ្លែងប្រាប់គេហទំព័រ Bundesliga ក្រោយចប់ការប្រកួតថា «ខ្ញុំពិតជាមោទនភាពខ្លាំងណាស់ ចំពោះអ្វីដែលធ្វេីបានៅថ្ងៃនេះ។ ក៏ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ វារឹតពិសេសជាងនេះទៀត នៅពេលក្រុមឈ្នះជេីងឯកទៅវិញទេ»

Makoto Hasebe ដែលធ្លាប់លេងឲ្យជម្រេីសជាតិជប៉ុន បាន១១៤ប្រកួតផងនោះ ធ្លាប់ឈ្នះពានលំដាប់ទី២ អាល្លឺម៉ង់ German Cup ១ដងដែរកាលឆ្នាំ២០១៨៕