(ហាប៊ីន-ចិន)៖ សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (ហៅកាត់ថា HIT) បានប្រារព្ធពិធីរំលឹកខួបគម្រប់១០០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ។ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរដល់ គ្រូបង្រៀន និស្សិត បុគ្គលិក និងអតីតនិស្សិតគ្រប់រូប ព្រមទាំងបានវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះសាកលវិទ្យាល័យ ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបណ្តុះបណ្តាលនូវធនមនុស្សឆ្នើមៗជាច្រើនរូប។

កម្មពិធី រំលឹក «ខួបគម្រប់១០០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាច្រើនអង្គភាព មកពីគ្រប់ទិសទី ក្នុងប្រទេសចិន និងពិភពលោក រួមមាន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិន អគ្គលេខាធិការបក្យខេត្ត ហៃឡុងជាំង អភិបាលខេត្តហៃឡុងជាំង ប្រធានសភាខេត្តហៃឡុងជាំង គណៈអភិបាលខេត្តហៃឡុងជាំង និងទីក្រុងហាប៊ីនគ្រប់កម្រិតថ្នាក់ គណៈនាយកសាកលវិទ្យាល័យ បច្ចេកវិទ្យាហាប៊ីន គណៈនាយកមកពីសាកលវិទ្យាល័យកម្រិតខ្ពស់ផ្សេងៗ ក្នុងប្រទេសចិន និងពិភពលោក ព្រមទាំងសមាគមអតីតនិស្សិតពីគ្រប់ទិសទី ក្នុងប្រទេសចិន និងពិភពលោក។

ក្នុងនោះផងដែរ សមាគមអតីតនិស្សិតកម្ពុជា ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន មានកិត្តិយសជាទីបំផុតដែលត្រូវបានលោកបណ្ឌិតសភាចារ្យ នាយកសាកលវិទ្យាល័យ អញ្ជើញចូលរួមក្នុងពិធីដ៏ពិសេសមួយនេះ ហើយជាសមាគមអតីតនិស្សិតពីមកប្រទេស ក្នុងតំបន់អាស៊ានតែមួយគត់ ដែលត្រូវបានអញ្ជើញចូលរួម ជាមួយសមាគមមកពី សហរដ្ឋអាមេរិច កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្រ្តាលី ញូហ្សេឡែន និងជប៉ុន។

សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (ហៅកាត់ថា HIT) បានបង្កើតឡើងនៅឆ្នាំ១៩២០ មកដល់បច្ចុប្បន្ន មានអាយុកាល១០០ឆ្នាំ ជាសមាជិកមួយក្នុងលីគ សាកលវិទ្យាល័យកំពូលទាំង៩ (C៩) របស់ប្រទេសចិន និងក្នុងឆ្នាំ២០២០នេះ បានទទួលចំណាត់ថ្នាក់លំដាប់ទី៦ ក្នុងពិភពលោក សម្រាប់ជំនាញវិស្វកម្ម។

HIT បានទទួលរហ័សនាមថា «ជាសំបុកជម្រុក នៃអ្នកវិស្វករ» និងមានបច្ចេកវិទ្យាឈានមុខគេ ក្នុងវិស័យអវកាស ដោយ HIT ជាសាកលវិទ្យាល័យដំបូងគេ ក្នុងប្រទេសចិន ដែលបានរចនា ផលិត និងគ្រប់គ្រងការបង្ហោះផ្កាយរណបខ្នាតតូចជោគជ័យ ដោយឯករាជ្យទាំងស្រុងពី សំណាក់សាកលវិទ្យាល័យ និងក្រុមនិស្សិតផ្ទាល់ខ្លួន។

បន្ទាប់ពីកិច្ចប្រជុំ លោក គឹម សុទ្ធា ប្រធានសមាគមអតីតនិស្សិតកម្ពុជា ពីសាកលវិទ្យាហាប៊ីន បានបញ្ជាក់ថា នេះជាកិត្តិយសមួយសម្រាប់ក្រុមអតីតនិស្សិតកម្ពុជា និងប្រទេសកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យលំដាប់កំពូលមួយនេះ អញ្ជើញសមាគមចូលរួមក្នុងកម្មពិធីដ៏វិសេសវិសាលមួយនេះ។

ទិសដៅដែលត្រូវចាប់ផ្តើមអនុវត្តរបស់សមាគម HIT-AAC គឺមានបីចំណុច រួមមាន៖

*ទី១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងសាកលវិទ្យាល័យ ជាមួយវិទ្យាល័យសហប្រតិបត្តិការទាំង៨អង្គភាព ក្នុងប្រទេសកម្ពុជា ដូចជាកម្មវិធីអាហារូបករណ៍ កម្មវិធីបញ្ជូនគណៈនាយក គ្រូបង្រៀន និងសិស្សវិទ្យាល័យ ចុះកម្មសិក្សានូវចំណេះដឹង និងជំនាញផ្សេងៗពី HIT

*ទី២៖ ផ្សារភ្ចាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ឬស្ថាប័នអប់រំកម្រិតខ្ពស់ នៅក្នុងប្រទេសកម្ពុជា មានដូចជា កម្មវិធីអាហារូបករណ៍ ចុះកម្មសិក្សានូវចំណេះដឹង និងបទពិសោធន៍ពីសំណាក់ គណៈនាយក សាស្រ្តាចារ្យ និងនិស្សិត នៅ HIT ព្រមទាំងការធ្វើការស្រាវជ្រាវ និងពិសោធន៍បច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ រួមគ្នា

*ទី៣៖ បន្ទាប់ចាប់ផ្ដើមមានធនធាមនុស្ស ដ៏មានសមត្ថភាពទាំងអស់នេះហើយ យើងនឹងព្យាយាមនាំបច្ចេកទាំងនេះ ដូចជាក្នុងវិស័យអវកាស ផ្កាយរណប កាំជ្រួច (Rockey) មនុស្សយន្ត (Robot) យន្តហោះគ្មានមនុស្សបើក (Drone) វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មផ្សេងៗទៀត ចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជឿនលឿន៕

http://image.freshnewsasia.com/2020/id-011/fn-2020-06-08-09-55-32-28.JPG