(បរទេស)៖ ក្រៅពីបង្ហោះសារគាំទ្រលើបណ្តាញទំនាក់ទំនងសង្គម, ផលិតកម្ម Big Hit និងក្រុមចម្រៀងបុរស BTS បានបរិច្ចាគប្រាក់១លានដុល្លារអាមេរិក ដល់ចលនាអន្តរជាតិប្រឆាំងការរើសអើងពូជសាសន៍ Black Lives Matter។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីព័ត៌មាន Billboard នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

ការបរិច្ចាគនេះ ត្រូវបានបង្ហាញប្រាប់ជាលើកដំបូងដោយសារព័ត៌មាន Variety កាលពីថ្ងៃសៅរ៍ ទី០៦ ដោយបញ្ជាក់ថា ទឹកប្រាក់បរិច្ចាគរបស់ ផលិតកម្ម Big Hit និងក្រុម BTS នឹងត្រូវបាញ់បញ្ចូនទៅអង្គការ ដែលជាចលនាប្រឆាំងការរើសអើងពូជសាសន៍ Black Lives Matter នៅដើមសប្តាហ៍នេះ។

ជាការកត់សម្គាល់ កាលពីសប្តាហ៍មុន មានតារា K-POP ប្រុសស្រីល្បីឈ្មោះជាច្រើន ខ្លះបង្ហោះសារ ខ្លះបរិច្ចាគប្រាក់ ដើម្បីចូលរួមគាំទ្របាតុកម្មប្រឆាំងតវ៉ាទាមទារកយុត្តិធម៌ ជូនជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានស្លាប់យ៉ាងអាណោចអធម កាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាមេរិក កំពុងខ្ទរខ្ទារពេញសហរដ្ឋអាមេរិក និងពិភពលោក។

ជាក់ស្តែង កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមចម្រៀងបុរសល្បីល្បាញក្នុងវិស័យ K-POP BTS ក៏បានបង្ហោះសារ Twitter ផងដែរ ដោយមានខ្លឹមសារថា «ពួកយើងឈរនៅទីនេះ ដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍។ យើងសូមថ្កោលទោសចំពោះការប្រើអំពើហិង្សា។ យើងទាំងអស់គ្នា មានសិទ្ធក្នុងការទទួលបានការគោរពគ្នាទៅវិញទៅមក។ ពួកយើងឈរនៅទីនេះជាមួយគ្នា Black Lives Matter»