(ភ្នំពេញ)៖ នៅទីបំផុតកញ្ញា ឌួង ហ្សូរីដា បានក្លាយជាម្ចាស់ប្រេន Tube Coffee នៅសាខាមួយសម្រេចតាមបំណងប្រាថ្នារបស់ម្ដាយនាង ដោយចំណាយថវិកាអស់ប្រាមាណជាង១៥ម៉ឺនដុល្លាអាមេរិក។
មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងមុខរបរជាអ្នកលក់គ្រឿងសម្អាងតែប៉ុណ្ណោះទេ កញ្ញា ឌួង ហ្សូរីដា ក៏កំពុងក្លាយជាម្ចាស់សាខាហាងកាហ្វេរប្រេនមួយកន្លែង ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ 5A ដែលជាតំបន់ទីប្រជុំជនធំមួយ នៅក្នុងមុខជំនួញអាជីវកម្ម។
ពិធីការិនីដ៏ល្បីល្បាញរូបនេះបានអះអាងថា ហេតុផលដែលនាងសម្រេចទិញប្រេន Tube Coffee មកបើកដើម្បីធ្វើអាជីវកម្មនេះ ដោយសារតែអ្នកម្ដាយរបស់កញ្ញា ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេថ្នល់ ដែលជារសជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈផ្សេងទៀតនៅក្នុង Tube Coffee ។
កញ្ញាបានបញ្ជាក់មិនមែនជារឿងងាយស្រួលនោះទេ ទោះបីប្រេនកាហ្វេនេះត្រូវបានបង្កើតឡើង ដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែទម្រាំកញ្ញាអាចទិញសិទ្ធិប្រេនកាហ្វេមួយនេះ មកបើកផ្ដាច់មុខបានបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំង មិនមែនឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធិផ្ដាច់មុខយកមកបើកលក់បានងាយៗនោះទេ។
ដោយសារម្ចាស់ប្រេនបានសិក្សាយ៉ាងលម្អិតជាមួយនឹងទីតាំង និងប្រជាប្រិយភាពរបស់ម្ចាស់ហាងនីមួយៗ ដើម្បីឱ្យមានភាពប្រាកដថា នឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យ និងដំណើរការល្អក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឱ្យកញ្ញាបើកនៅក្នុងទីតាំងនេះ។
ទន្ទឹមនឹងនេះក៏មានការបញ្ជាក់ថា នាងចំណាយដើមទុននៅក្នុងការបើកអាជីវកម្មថ្មីមួយនេះ អស់ប្រមាណជាង១៥ម៉ឺនដុល្លាអាមេរិក ខណៈពេលដែលការរៀបចំដេគ័រ និងរៀបចំហាងខាងក្នុងមិនទាន់ដឹងច្បាស់ថា ត្រូវចំណាយបន្ថែមអស់ប៉ុន្មានទៀតនោះទេ ។
ចំពោះអាជីវកម្មមួយនេះផងដែរ កញ្ញាក៏បានប្រាប់ថា នាងបានចាប់ដៃគូជាមួយនឹងភាគហ៊ុនតូចៗមួយចំនួនដូចជា ប្អូនស្រីរបស់នាង និងពិធីករលោក Vj Hero ផងដែរ ដើម្បីរួមទុនសហការគ្នាចូលរួម។
មកទល់ពេលនេះ សាខារបស់នាងដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ នៅពុំទាន់បានបើកដំណើរការនៅឡើយទេ ដោយកំពុងតែរៀបចំតុបតែងហាង និងដេគ័រផ្សេងៗទៀត ដើម្បីឱ្យមានភាពទាក់ទាញ។ បន្ទាប់ពីរៀបចំរួចនាងក៏មានគម្រោងនឹងបើសម្ភោធជាផ្លូវការនៅក្នុងខែ តុលា ឬខែវិច្ឆិការទៅតាមស្ថានភាពជាក់ស្ដែងផងដែរ។
គួរជម្រាបជូនថា Tube Coffee គ្រោងនឹងបើពង្រីកសារខារបស់ខ្លួនជាច្រើនទៀត នៅតាមបណ្តាលខេត្តនានា ហើយបច្ចុប្បន្ននេះ Tube Coffee មាន១២សាខាហើយទាំងនៅក្នុងទីក្រុង និងតាមបណ្តាលខេត្តនានាផងដែ៕