(រីយ៉ូ)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឲ្យដឹងថា សហព័ន្ធបាល់ទាត់ប្រេស៊ីល Brazil Football Confederation (CBF) បានប្រកាសដកខ្លួនចេញពីការប្រជែងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់កម្រិតពិភពលោកផ្នែកនារី Women’s World Cup 2023 ដោយសារបញ្ហាហិរញ្ញវត្ថុ ដែលរងផលប៉ះពាល់ដោយសារវិបត្តិវិរុសឆ្លង COVID-19។
ប្រេស៊ីល បានសម្រេចដកខ្លួនចេញពីបេក្ខភាពទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ផ្នែកនារី Women’s World Cup 2023 ដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាអំឡុងថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដែលមានប្រមាណ ៣២ប្រទេសចូលរួមដែលមកពី ៦តំបន់ផ្សេងគ្នា។
ការដកខ្លួននេះដែរ បានកើតចេញដោយសារប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះ បានជួបវិបត្តិហិរញ្ញវត្ថុជាខ្លាំងដោយវីរុស COVID-19 ហើយកាលពីថ្ងៃទី០៨ ខែមិថុនា សហព័ន្ធ CBF របស់ប្រេស៊ីលក៏បានសម្រេចមិនទទួលយកការស្នើសុំរបស់ FIFA នោះទេ។
មួយរយៈពេលចុងក្រោយនេះ ប្រទេសប្រេស៊ីលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនមានទាំងការប្រកួតបាល់ទាត់ផ្នែកបុរស World Cup 2014, Olympic Games 2016 និងការប្រកួតប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ផងដែរ។
ជុំវិញនៃការដកខ្លួនរបស់ប្រេស៊ីល ដែលជាបេក្ខភាពគូប្រជែងជាមួយប្រទេសកូឡុំប៊ី ជប៉ុន និងការរួមគ្នាដេញថ្លៃពីប្រទេសអូស្រ្តាលី ជាមួយប្រទេសនូវេលសេឡង់ ដើម្បីទទួលសិទ្ធិរៀបចំការប្រកួតដែលមាន ៣២ក្រុមនេះ ខណៈកាលពីធ្វើនៅប្រទេសបារាំង Women’s World Cup 2019 ពាននេះ បានធ្លាក់ទៅក្រុមនារីអាមេរិក ជាម្ចាស់ជើងឯក ក្រោយពេលយកឈ្នះស្រ្តីហូឡង់ ២-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ៕