(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកមម្ពុជា NOCC បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៥ នៅអង្គរវត្ត ខេត្តសៀមរាប នឹងបន្ដរៀបចំធម្មតា ពោលបើគ្មានការប្រែប្រួលទេ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ តែមិនរំពឹងមានបរទេសចូលរួមរត់ច្រើនដូចរាល់ឆ្នាំនោះទេ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ (COVID-19)។
លោកបានបន្ថែមថា ដោយទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុញ្ញាតឲ្យមានសកម្មភាពកីឡាជាជំហានៗឡើងវិញ NOCC ក៏សម្រេចបន្ដទទួលពាក្យចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើធម្មតាដែរ។ ប៉ុន្ដែករណីអ្នកចុះឈ្មោះហើយ មិនបានចូលរួម ពិសេសជនបរទេស ដោយសារវិបត្តិកូវីដ-១៩ គណៈកម្មការរៀបចំ នឹងរក្សាឈ្មោះទុក្ខ ដើម្បីចូលរួមឆ្នាំក្រោយ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «NOCC មានព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយ នៅសប្ដាហ៍ទី១ នាខែធ្នូ គឺទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលយើងនៅបើកធម្មតា...។ អញ្ចឹងសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលយើងមិនសង្ឃឹមបានភ្ញៀវពីក្រៅប្រទេស តែភ្ញៀវទេសចរក្នុងស្រុករបស់យើង សូមចូលរួមរត់កម្សាន្ដក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងរបស់យើង នៅអង្គរវត្ត នាខែ១២ ឲ្យបានច្រើន»។
លោក វ៉ាត់ ចំរើន បានធ្វើអំពាវនាវ សូមឲ្យការចូលរួមរបស់យើងបង្ហាញអំពីសុវត្ថិភាព សន្ដិភាព និងអ្វីៗ ដើម្បីលើកតម្កើតរមនីយដ្ឋានដ៏ល្អឯករបស់យើង នៃតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងន័យរួមចំណែកទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីយើងធ្វើព្រឹត្តិការណ៍នេះហើយ បង្ហាញដល់ពិភពលោកថា សៀមរាបមានសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ទទួលពួកគាត់ ក្រោយជំងឺកូវីដស្ងប់ស្ងាត់ទៅវិញ។
គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលបានទាក់ទាញភ្ញៀវបរទេសជុំវិញពិភពលោកចូលរួមរត់កើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នករត់សរុប ១២,១៧៥នាក់ មកពី ៨៥ប្រទេស។ គោលបំណងនៃព្រឹត្តិការណ៍ គឺដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការនានា ក៏ដូចជាជួយបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះថែរក្សា ការពារបរិស្ថានបៃតងក្នុងបរិវេណតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរផងដែរ៕