(ភ្នំពេញ)៖ យន្តហោះចម្បាំងគឺជាសព្វាវុធដ៏មានអានុភាពមួយនៅក្នុងសមរភូមិ ហើយសព្វាវុធទាំងនេះមួយគ្រឿងៗគឺមានតម្លៃមិននៅក្រោម ខ្ទង់ លានដុល្លារនោះឡើយ។ ខាងក្រោមនេះគឺជា តម្លៃយន្តហោះចម្បាំងដែលថ្លៃៗបំផុតនៅលើពិភពលោក៖
១០៖ MiG-35 (ជាង៤៨លានដុល្លារ)
វាជាយន្តហោះចម្បាំងរុស្ស៉ីដែលមានប្រភពចេញពីមកពីយន្តហោះ MiG-29 និងផលិតឡើងដោយក្រុមហ៊ុន Mikoyan។ កងទ័ពអាកាសរុស្ស៉ី ទើបតែបានចាប់ផ្តើមប្រើប្រាស់យន្តហោះនេះជាផ្លូវការកាលពីឆ្នាំ២០១៩។
៩៖ JAS 39 Gripen (៤៥-៥៥លានដុល្លារ)
វាជាយន្តហោះចម្បាំងដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទ និងផលិតឡើងដោយក្រុមហ៊ុនស៊ុយអែត Saab។ វាត្រូវបានប្រើប្រាស់ ដំបូង កាលពីឆ្នាំ១៩៩៦ រហូតមកទល់ពេលនេះ។ អ្នកប្រើប្រាស់ចម្បង រួមមានកងទ័ពអាកាសស៊ុយអែត, កងទ័ពអាកាសអាហ្វ្រិកខាងត្បូង, កងទ័ពអាកាស សាធារណរដ្ឋឆែក និងកងទ័ពអាកាសហុងគ្រី។
៨៖ EA-18G Growler (ជិត៧៥លានដុល្លារ)
វាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing។ វាធ្វើប្រតិបត្តិការចេញពីនាវាដឹកយន្តហោះចម្បាំង និងមានឯកទេសខាងប្រយុទ្ធ ដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិច។ កងទ័ពជើងទឹកអាមេរិកបានចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងនេះ តាំងពីឆ្នាំ២០០៩ រហូតមកទល់ ឥឡូវ។
៧៖ Su-35 (៧៦លានដុល្លារ)
វាជាយន្តហោះចម្បាំងរុស្ស៉ីដែលមានប្រភពចេញមកពីយន្តហោះចម្បាំង Su-27 កាលពីសម័យសហភាពសូវៀត។ យន្តហោះ Su-35 នេះ ត្រូវបានចាប់ផ្តើមប្រើប្រាស់កាលពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន។
៦៖ F-18 Super Hornet (ជិត៨០លានដុល្លារ)
វាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទចេញពីនាវាដឹកយន្តហោះចម្បាំង។ វាត្រូវបាន កងទ័ពជើងទឹកអាមេរិកប្រើប្រាស់ចាប់ពីឆ្នាំ ១៩៩៩ រហូតមកទល់ពេលនេះ។
៥៖ Dassault Rafale (៩៣លានដុល្លារ)
វាជាយន្តហោះចម្បាំងរបស់ប្រទេសបារាំង ដែលផលិតឡើងដោយក្រុមហ៊ុន Dassault Aviation និងត្រូវបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ ២០០១ រហូតទល់សព្វថ្ងៃ។
៤៖ Eurofighter Typhoon (១០៥លានដុល្លារ)
វាជាយន្តហោះចម្បាំង ដែលត្រូវផលិតឡើងរួមគ្នារវាងក្រុមហ៊ុនអឺរ៉ុបជាច្រើន។ យន្តហោះនេះត្រូវបានចាប់ផ្តើមប្រើប្រាស់កាលពី ឆ្នាំ២០០៣ ហើយបច្ចុប្បន្នមានវត្តមាននៅក្នុងជួរកងទ័ពអាកាសរបស់ប្រទេសអូទ្រីស អ៉ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ អារ៉ាប៊ីសាអូឌីត និងអ៉ូម៉ង់។
៣៖ J-20 Black Eagle (១១០លានដុល្លារ)
វាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយ ដែលផលិតឡើងដោយក្រុមហ៊ុន Chengdu Aerospace Corporation សម្រាប់កងទ័ពអាកាសចិន។ កងទ័ពអាកាសចិនបានចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងនេះ កាលពីឆ្នាំ២០១៧។
២៖ F-35C Lightning II (១២០លានដុល្លារ)
វាជាយន្តហោះចម្បាំង F-35 ដែលសម្រាប់ប្រើលើនាវាដឹកយន្តហោះចម្បាំង និងមានតម្លៃថ្លៃជាងយន្តហោះចម្បាំង F-35B និង F-35A។
វាជាប្រភេទបំបាយកាយ ដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin។ កងទ័ពជើង ទឹកអាមេរិកចាប់ផ្តើមប្រើ យន្តហោះចម្បាំង F-35C កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ សម្រាប់ F-35B គឺត្រូវបានប្រើប្រាស់ដោយកងម៉ារីនអាមេរិក រីឯ F-35A ត្រូវបានប្រើ ដោយកងទ័ពអាកាសអាមេរិក។
១៖ F-22 Raptor (១៥០លានដុល្លារ)
វាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយ ដែលផលិតឡើងដោយរួមគ្នាដោយក្រុមហ៊ុន Lockheed Martin និង Boeing សម្រាប់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ យន្តហោះចម្បាំងនេះ ត្រូវបានប្រើប្រាស់តាំងពី២០០៥ រហូតមកដល់ឥឡូវ។
ប្រភព៖ វែបសាយ Military Machine