(ក្រុងឡុងដ៍)៖ កីឡាករស្បែកខ្មៅ Raheem Sterling បានស្នើសុំឲ្យមានបុគ្គលិក ក៏ដូចជាអ្នកចាត់ការទូទៅស្បែកខ្មៅចូលបម្រើការងារក្នុងវិស័យកីឡាបាល់ទាត់បន្ថែមទៀត ដើម្បីឆ្លើយទៅនឹងការតវ៉ារើសអើងពូជសាសន៍ ពណ៌សម្បុរ ស្របពេលបាតុកម្មប្រឆាំងបានកំពុងផ្ទុះឡើងពាសពេញប្រទេសនាពេលថ្មីៗនេះ។
តាមប្រភពឲ្យដឹងពីព័ត៌មាន Channel News Asia នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករស្បែកខ្មៅសញ្ជាតិអង់គ្លេស Raheem Sterling បានធ្វើការស្នើសុំឲ្យមានការរកយុតិ្តធម៌ ចំពោះការរើសអើងពូជសាសន៍នៅពេលដែលមានក្រុមអ្នកតវ៉ាបានប្រមូលផ្តុំនៅចក្រភពអង់គ្លេស ក្រោយការស្លាប់របស់លោក George Floyd កាលពីខែមុនដោយស្នាដៃប៉ូលិសអាមេរិក។
Sterling ជាកីឡាករបាល់ទាត់ម្នាក់ចុងក្រោយដែលបានធ្វើការតវ៉ាជុំវិញការរើសអើងពូជសាសន៍ទាំងក្នុងស្រុក និងក្រៅស្រុក ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ រូបគេបានផ្តល់បទសម្ភាសន៍ជាមួយ BBC ថា «នេះជាពេលវេលាត្រូវតែនិយាយ ដើម្បីស្វែងរកតុល្យភាពក្នុងការផ្លាស់ប្តូរ»។
Sterling ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបមេឃខៀវ Manchester City នោះបានគូសបញ្ជាក់ថា សម្រាប់បុគ្គលិក និងជាកីឡាករស្បែកខ្មៅមានមិនច្រើនទេក្នុងចំណោមប្រមាណ ៥០០នាក់ក្នុងលីគកំពូល Premier League បច្ចុប្បន្ន។ បុគ្គលិកស្បែកខ្មៅ គឺជាដំណើរវែងឆ្ងាយនៅទូទាំងសកលោក និងនៅអាស៊ីផងដែរ ក្នុងមុខងារជាគ្រូបង្វឹក និងការដឹកនាំក្នុងតួនាទីជាអ្នកចាត់ការទូទៅក្រុមនានា៕