(ភ្នំពេញ)៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មាននាវាដឹកយន្តហោះចម្បាំង ឬដឹកឧទ្ធម្ភាគចក្រសរុបចំនួន៤៤គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការដោយកងទ័ពជើងទឹកនៃប្រទេសចំនួន១៤ នៅជុំវិញពិភពលោក ហើយគ្មានអ្វីគួរភ្ញាក់ផ្អើលទេ ដោយក្នុងចំណោមនោះ គឺសហរដ្ឋអាមេរិកមានច្រើនជាងគេ។
សហរដ្ឋអាមេរិកមាននាវាដឹកយន្តហោះចម្បាំង (Aircraft Carrier) ដែលសុទ្ធតែដំណើរការដោយថាមពលនុយក្លេអ៊ែរដល់ទៅ១១គ្រឿង។ ចំណែកចក្រភពអង់គ្លេសនិងចិនមានវិញមានពីរៗគ្រឿងដូចគ្នា។ បារាំង ឥណ្ឌា និងរុស្ស៉ី មាននាវាដឹកយន្តហោះចម្បាំងធុនកណ្តាលម្នាក់មួយគ្រឿង ហើយអាមេរិកក៏មាននាវាធុន Amphibious Warfare Ship ដែលអាចដឹកឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងដែលហោះឡើងចុះដូចឧទ្ធម្ភាគចក្រ ហើយមានទំហំប្រហាក់ប្រហែលនឹង នាវាដឹកយន្តហោះចម្បាំងធុនកណ្តាលចំនួន៩គ្រឿងថែមទៀតផង។
បច្ចុប្បន្នក៏មាននាវាដឹកយន្តហោះចម្បាំងធុនតូច៣គ្រឿងផងដែរ ដែលកំពុងធ្វើប្រតិបត្តិការដោយពួកវាមានសមត្ថភាពផ្ទុកទាំងឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងធម្មតា។ អ៉ីតាលីមាននាវាដឹកយន្តហោះចម្បាំងធុនតូចនេះ២គ្រឿង ខណៈអេស៉្បាញមាន១គ្រឿង។ ក្រៅពីនេះនៅមាននាវាដឹកយន្តហោះ១៤គ្រឿងផ្សេងទៀត ដែលធ្វើប្រតិបត្តិការតែជាមួយឧទ្ធម្ភាគចក្រប៉ុណ្ណោះ (Helicopter Carrier) ដោយជប៉ុនមាន៤គ្រឿង, បារាំងមាន៣គ្រឿង ដោយអូស្រ្តាលីមាន២គ្រឿង, អេហ្ស៉ីបមាន២គ្រឿង, ប្រេស៉ីលមាន១គ្រឿង, កូរ៉េខាងត្បូង១គ្រឿង, និងថៃមាន១គ្រឿង។
*សហរដ្ឋអាមេរិក៖
ក្នុងចំណោម Aircraft Carrier របស់អាមេរិកទាំង១១គ្រឿង ត្រូវបានបែងចែកជាប្រភេទ Nimitz-class ចំនួន១០គ្រឿង និង Gerald R. Ford class ចំនួន១គ្រឿង។ នាវាដឹកយន្តហោះចម្បាំងទាំង២ប្រភេទនេះ មានបណ្តោយប្រវែងជាង៣៣០ម៉ែត្រ និងទម្ងន់ខ្ទង់ជាង១០០,០០០តោន។ នាវាដឹកយន្តហោះចម្បាំង Nimitz-class ត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីឆ្នាំ១៩៧៥ ខណៈ Gerald R. Ford មួយគ្រឿងទើបតែត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៧ ហើយអាមេរិកគ្រោងផលិតវា៩គ្រឿងទៀត។
ក្នុងចំណោម Amphibious Warfare Ship ឬ Amphibious Assault Ship ទាំង៩គ្រឿងរបស់អាមេរិកវិញ មាន១គ្រឿងជាប្រភេទ America-class និង ៨គ្រឿងជា Wasp-class។ សហរដ្ឋអាមេរិកគ្រោងផលិត America-class ១០គ្រឿងទៀត។ នាវា Amphibious Warfare Ship ឬ Amphibious Assault Ship មានទម្ងន់ខ្ទង់ជាង៤៥,០០០តោន បណ្តោយជាង២៥០ម៉ែត្រ និងមានតួនាទីដឹកយានយន្ត, កងម៉ារីន, ឧទ្ធម្ភាគចក្រដឹកជញ្ជូននិងប្រយុទ្ធ, កាណូតដឹកជញ្ជូន, ព្រមទាំងយន្តហោះចម្បាំងដែលអាចហោះឡើងនិងចុះបានដូចឧទ្ធម្ភាគចក្រ ឧទាហរណ៍យន្តហោះចម្បាំង AV-8B Harrier II ឬ F-35B ជាដើម។
*ចក្រភពអង់គ្លេស៖
ប្រភេទនាវាដឹកយន្តហោះចម្បាំងទាំង២គ្រឿងរបស់ចក្រភពអង់គ្លេសហៅថា Queen Elizabeth-class ដែលមានទម្ងន់៦៥,០០០តោន និងបណ្តោយប្រវែងជាង២៨០ម៉ែត្រ។ ក្នុងនោះមួយគ្រឿងឈ្មោះ HMS Queen Elizabeth (តាមម្ចាស់ក្សត្រី Elizabeth ទី១)។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០១៧ រីឯមួយគ្រឿងទៀតឈ្មោះ HMS Prince of Wales ដែលទើបត្រូវបានដាក់ឲ្យដំណើរការ កាលពីចុងឆ្នាំ២០១៩។ នាវាដឹកយន្តហោះចម្បាំង Queen Elizabeth-class ត្រូវគេរំពឹងថានឹងមានអាយុកាលធ្វើប្រតិបត្តិការរហូតដល់៥០ឆ្នាំ។
*ចិន៖
នាវាដឹកយន្តហោះចម្បាំងដំបូងរបស់ចិនឈ្មោះថា Liaoning ត្រូវបានសាងសង់ឡើងចេញពីតួនាវាដឹកយន្តហោះចម្បាំងប្រភេទ Admiral Kuznetsov-class កាលពីសម័យសហភាពសូវៀត ដែលទម្ងន់៥៧,០០០តោន និងបណ្តោយប្រវែងជាង៣០០ម៉ែត្រ ។ នាវាចម្បាំងនេះត្រូវបានដាក់ឲ្យដំណើរកាលឆ្នាំ២០១២។ ចំណែក នាវាដឹកយន្តហោះចម្បាំងទីពីរមានឈ្មោះថា Shandong ដែលទើបតែត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០១៩។ នាវាដឹកយន្តហោះចម្បាំងមួយទៀតក៏កំពុងស្ថិតក្រោមការសាងសង់ផងដែរ ខណៈចិនគ្រោងផលិតឲ្យបាននាវាដឹកយន្តហោះចម្បាំងសរុប៦គ្រឿង។
*បារាំង៖
នាវាដឹកយន្តហោះចម្បាំងតែមួយគត់របស់បារាំងមានឈ្មោះថា Charles de Gaulle ទម្ងន់៤២,០០០តោន បណ្តោយប្រវែងជាង២៦០ម៉ែត្រ និងដើរដោយថាមពលនុយក្លេអ៊ែរ។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០០១ ហើយបារាំងទំនងជានឹងត្រូវផលិតនាវាដឹកយន្តហោះចម្បាំងថ្មី ដើម្បីជំនួស Charles de Gaulle ពេលហួសពីឆ្នាំ២០៣០ទៅ។ ក្រៅពីនេះ បារាំងមាននាវាដឹកឧទ្ធម្ភាគចក្រ៣គ្រឿងទៀតប្រភេទ Mistral-class ដែលមានទម្ងន់១៦,៥០០តោន និងបណ្តោយប្រវែងជិត២០០ម៉ែត្រ។ ពួកវាមានឈ្មោះ Mistral, Tonnerre, និង Dixmude។
*រុស្ស៉ី
នាវាដឹកយន្តហោះចម្បាំងរបស់រុស្ស៉ីក៏មានប្រភេទជា Admiral Kuznetsov-class ដែរ ដែលមានឈ្មោះថា Admiral Flota Sovetskovo Soyuza Kuznetsov ឬ Admiral Kuznetsov តែម្តង។ នាវាដឹកយន្តហោះចម្បាំងនេះត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩១ មកម្ល៉េះ។ រដ្ឋាភិបាលរុស្ស៉ីទើបតែផ្តល់ភ្លើងខៀវសម្រាប់ការសាងសង់នាវាដឹកយន្តហោះចម្បាំងថ្មីប្រភេទ Shtorm-class ដើម្បីជំនួស Admiral Kuznetsov។
*ឥណ្ឌា
នាវាដឹកយន្តហោះចម្បាំងឥណ្ឌាឈ្មោះ INS Vikramaditya គឺជានាវាដឹកយន្តហោះចម្បាំងប្រភេទ Kiev-class ទម្ងន់៤៥,៤០០តោន និងបណ្តោយប្រវែងជាង២៧០ម៉ែត្រ កាលពីសម័យសូវៀត។ ឥណ្ឌាបានទិញរុស្ស៉ីកាលពីឆ្នាំ២០០៤ ក្នុងតម្លៃ២.៣៥ពាន់លានដុល្លារ ហើយត្រូវបានដាក់ឲ្យដំណើរការក្នុងជួរកងទ័ពជើងទឹកឥណ្ឌាកាលពីឆ្នាំ២០១៣។ ឥណ្ឌាមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងទៀតឈ្មោះ INS Vikrant ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងសាងសង់មួយថែមទៀតឈ្មោះ INS Vishal។
*អ៉ីតាលី
អ៉ីតាលីមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងឈ្មោះ Giuseppe Garibaldi ដែលមានទម្ងន់១៤,០០០តោន និងបណ្តោយប្រវែង១៨២ម៉ែត្រ ហើយវាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ១៩៨៥។ រីឯមួយគ្រឿងទៀតឈ្មោះ Cavour ទម្ងន់២៧,០០០តោន និងបណ្តោយប្រវែង២៤៤ ម៉ែត្រ។ វាត្រូវបានដាក់ឲ្យដំណើរកាលពីឆ្នាំ២០០៨។
*អេស៉្បាញ
នាវាដឹកយន្តហោះចម្បាំងអេស៉្បាញមានឈ្មោះថា Juan Carlos I ដែលមានទម្ងន់២៦,០០០តោន និងបណ្តោយប្រវែង២៣០ម៉ែត្រ។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១០។
*ជប៉ុន
ជប៉ុនមាននាវាដឹកឧទ្ធម្ភាគចក្រចំនួន៤គ្រឿង ក្នុងនោះពីរគ្រឿងជាប្រភេទ Hyuga-class ដែលមានទម្ងន់ជិត១៤,០០០តោន និងបណ្តោយប្រវែងជិត២០០ម៉ែត្រ។ ពួកវាមានឈ្មោះ Hyuga និង Ise ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០០៩។ ចំណែកឯ២គ្រឿងទៀតជាប្រភេទ Izumo-class ដែលមានទម្ងន់ជិត២០,០០០តោន និងបណ្តោយប្រវែង២៥០ម៉ែត្រ។ ពួកវាមានឈ្មោះ Izumo ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៥ និង Kaga កាលពីឆ្នាំ២០១៧។ កាលពីចុងឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឲ្យច្នៃនាវា Izumo-class ទាំងពីរគ្រឿងទៅជានាវាដឹកយន្តហោះចម្បាំងតែម្តង សម្រាប់ប្រើជាមួយយន្តហោះចម្បាំងអាមេរិក F-35B។
*អូស្រ្តាលី
កងទ័ពជើងទឹកអូស្រ្តាលីកំពុងធ្វើប្រតិបត្តិការនាវាដឹកឧទ្ធម្ភាគចក្រ២គ្រឿងប្រភេទ Canberra-class ដែលមានទម្ងន់ខ្ទង់២៥,០០០តោន និងបណ្តោយប្រវែង២៣០ម៉ែត្រ។ ពួកវាមានឈ្មោះ HMAS Canberra ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៤ និង HMAS Adelaide ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០១៥។
*អេហ្ស៉ីប
នាវាដឹកឧទ្ធម្ភាគចក្រ២គ្រឿងដែលកងទ័ពជើងទឹកអេហ្ស៉ីបកំពុងធ្វើប្រតិបត្តិការ គឺអេហ្ស៉ីបបានទិញមកពីបារាំងប្រភេទ Mistral-class។ អេហ្ស៉ីបបានទទួលមួយគ្រឿងដំបូងឈ្មោះ Gamal Abdel Nasser កាលពីឆ្នាំ២០១៥ និងមួយគ្រឿងទៀតឈ្មោះ Anwar El Sadat កាលពីឆ្នាំ២០១៦។ អេហ្ស៉ីបគឺជាប្រទេសនៅអាហ្រ្វិកតែមួយគត់ ដែលមាននាវាយោធាបែបនេះ។
*ប្រេស៉ីល
នាវាដឹកឧទ្ធម្ភាគចក្ររបស់ប្រេស៉ីលមានឈ្មោះ Atlantico។ ដែលមានទម្ងន់២១,៥០០តោន និងបណ្តោយប្រវែងជាង២០០ម៉ែត្រ។ ប្រេស៉ីលបានទិញវាពីចក្រភពអង់គ្លេសដែលពេលនោះវាមានឈ្មោះថា HMS Ocean ក្នុងតម្លៃ១១៣លានដុល្លារ។ ប្រេស៉ីលបានដាក់ដំណើរការនាវានេះ កាលពីឆ្នាំ២០១៨ នៅចក្រភពអង់គ្លេស ដើម្បីធ្វើការជួសជុលនិងកែលម្អផ្សេងៗនៅទីនោះ ហើយរំពឹងថានឹងមកដល់ប្រេស៉ីលនៅក្នុងឆ្នាំ២០២០នេះ។
*កូរ៉េខាងត្បូង
នាវាដឹកឧទ្ធម្ភាគចក្ររបស់កូរ៉េខាងត្បូងគឺប្រភេទ Dokdo-class ដែលមានទម្ងន់១៤,៣០០តោន និងបណ្តោយប្រវែងជិត២០០ម៉ែត្រ។ កូរ៉េខាងត្បូងមានមួយគ្រឿងដែលកំពុងធ្វើប្រតិបត្តិការឈ្មោះ Dokdo ខណៈឈ្មោះនេះ បានបង្កភាពចម្រូងចម្រាស ព្រោះយកតាមកោះមានជម្លោះជាមួយជប៉ុន។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០០៧ ខណៈមួយគ្រឿងទៀតឈ្មោះ Marado កំពុងធ្វើតេស្ត មិនទាន់ត្រូវបានដាក់ឲ្យដំណើរការនៅឡើយទេ។
*ថៃ
ថៃមាននាវាដឹកឧទ្ធម្ភាគចក្រមួយគ្រឿងឈ្មោះ HTMS Chakri Naruebet ដែលមានទម្ងន់១១,៤០០តោន និងបណ្តោយប្រវែងជាង១៨០ ម៉ែត្រ។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននាវាដឹកឧទ្ធម្ភាគចក្រនេះចេញធ្វើប្រតិបត្តិការយូរៗម្តងប៉ុណ្ណោះ៕
ប្រភព៖ Wikipedia