(ឡុងដ៏)៖ យោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មានកីឡាករវ័យក្មេង ៤រូបរួមមាន Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford បានកំពុងតែឈរលេខរៀងកំពូលតារាងតម្លៃផ្ទេរខ្ពស់ជាងគេនាពេលបច្ចុប្បន្ន។
កីឡាករទាំង ៤រូបដែលកំពុងមានវត្តមានក្នុងក្រុមជម្រើសជាតិអង់គ្លេសផងនោះរួមមាន Raheem Sterling មកពី Manchester City មានតម្លៃ ២១៩លានដុល្លារ, Jadon Sancho មកពី Borussia Dortmund មានតម្លៃ ២០១លានដុល្លារ, Trent Alexander-Arnold មកពី Liverpool មានតម្លៃ ១៩៣លានដុល្លារ និង Marcus Rashford មកពីManchester United មានតម្លៃ ១៧៣លានដុល្លារ ដោយសរុបទាំងអស់ កើនឡើងដល់ ៧៨៧លានដុល្លារ។ នេះបើយោងតាមភ្នាក់ងារអង្កេតការតម្លៃខ្លួនកីឡាករ ដែលហៅកាត់ថា CIFS (CIFS Football Observatory)។
ក៏ប៉ុន្តែកីឡាករទាំង ៤រូបខាងលើនេះ នៅចាញ់តម្លៃផ្ទេររបស់កីឡាករបារាំង Kylian Mbappe នៃក្លិប Paris Saint-Germain ដែលមានតម្លៃ ២៩៣លានដុល្លារ ខ្ពស់ជាងគេដាច់ បើប្រៀបធៀបជាមួយនឹងកីឡាករមកពីលីគធំៗទាំង៥ នៅទ្វីបអឺរ៉ុបបច្ចុប្បន្ន ដែលមិនបានទទួលរងផលប៉ះពាល់ដោយសារ COVID-19 នោះទេ៕