(ភ្នំពេញ)៖ សកម្មភាពសិល្បៈនានា បានផ្អាកអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ចូលមកដល់ខែ​មិថុនា​នេះ គេសង្កេតឃើញថា មានបណ្តាផលិតកម្មនានា បានចាប់ផ្តើមសកម្មភាពថតភាពយន្តឡើងវិញ។ ជាមួយគ្នានោះសាលាបង្ហាត់បង្រៀនផ្នែកដើរបង្ហាញម៉ូដ និងសម្តែងភាពយន្តក៏ត្រូវបានបើកដំណើរការវិញដែរ និងប្រមូលសិស្សមកហាត់រៀនបន្ត ដើម្បីពង្រឹងសមត្ថភាព ចូលរួមប្រកួតក្នុង​កម្មវិធីនានា។

ថ្លែងតាមរយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News Plus លោក ម៉ែន និមលរតន៍ ដែលជាអ្នកគ្រប់គ្រង និងជាគ្រូបង្វឹកផ្នែកម៉ូដែល និងសម្តែង បានឲ្យដឹងថា ដោយសារតែស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់ ក្រោមការយកចិត្តទុកដាក់ ចាត់វិធានការការពារខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ, បច្ចុប្បន្ននេះសាលាបង្រៀនដើរបង្ហាញម៉ូដ និងសម្តែង របស់លោកបានចាប់ផ្តើមបើកដំណើរការ ទទួលសិស្សឲ្យចូលរៀនវិញហើយ។

រហូតមកទល់នឹងបច្ចុប្បន្នគឺមាន អ្នកចុះឈ្មោះចូលរៀនប្រមាណជាង១០នាក់ ដោយក្នុងនោះរៀនជាវគ្គៗ ក្នុងមួយវគ្គមិនលើសពី១០នាក់ឡើយ គឺដើម្បីកាត់បន្ថយមនុស្សច្រើន។ ថ្វីបើកូវីដ១៩ នៅប្រទេសកម្ពុជាស្ងប់ស្ងាត់ លោកនៅថែរក្សាអនាម័យ និងអនុវត្តន៍តាមវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល​ជាប់ជានិច្ច​ ដោយរក្សារគម្លាតពីគ្នា លាងសំអាតដៃ និងវាស់កំដៅ មុននឹងចូលរៀន។

លោក ម៉ែន និមលរតន៍ បន្ថែមថា សម្រាប់ការបើកបង្រៀនផ្នែកសិល្បៈបង្ហាញម៉ូត និងសម្តែង​នៅពេលនេះ គឺមានទទួលទាំងបុរស-នារី។ លោកថា សិស្សទាំងអស់ ដែលទទួលការបណ្តុះបណ្តាលពីការលោកហើយ គឺមានឱកាសច្រើន ក្នុងការទទួលបានការងារសិល្បៈធ្វើ ព្រោះសិស្សទាំងអស់ អាចដាក់ពាក្យប្រកួតសមត្ថភាព ក្នុងកម្មវិធី «Miss and Mister Model Cambodia»។ បច្ចុប្បន្នសាលាបង្រៀនដើរម៉ូដ និងសម្តែងរបស់លោក ក៏នៅតែបន្តទទួលសិស្សចូលរៀន បន្តបន្ទាប់ផងដែរ ដោយមានជាវគ្គ។

គួរជម្រាបថា បច្ចុប្បន្នលោក ម៉ែន និមលរតន៍ កំពុងដំណើរការកម្មវិធីប្រកួតប្រជែង សមត្ថភាពមួយឈ្មោះថា «Miss Queen Cambodia» ដែលជាបេក្ខភាពចូលរួមបុ្រកួតកញ្ញាឯកភេទទី៣។ តាមរយៈការបង្កើតកម្មវិធី សម្រាប់កញ្ញាឯកភេទទី៣ លោក​សង្ឃឹមថា នឹងមិនមានការរើសអើងនោះទេ ពីសំណាក់មហាជនចំពោះកម្មវិធីនេះ ព្រោះថាដើម្បីឲ្យភេទទី៣ មានភាពស្មើ​គ្នាក្នុងសង្គម និង​ដើម្បីរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមម្លប់សន្តិភាពដែលកម្ពុជា កំពុងមានសព្វថ្ងៃ៕