(ភ្នំពេញ)៖ កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់ត្រូវបានគេមើលឃើញថា ការងារសិល្បៈ ជាតារាបង្ហាញម៉ូដ និងសម្ដែង ពុំសូវកាក់កបទទួលបានជោគជ័យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ របស់ម្ដាងនាងឡើយ ខណៈចាប់តាំងពីម្ដាយ និងឪពុកលាចាកលោកទៅ តារារូបនេះ ពុំសូវខ្វាយខ្វល់នឹងប្រជាប្រិយភាពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បែរជាមកល្បីសុះសាយ ក្នុងជំនួញរកស៊ីលើជំនាញកែសម្ផស្ស និងបើកលក់ផលិតផល រហូតដល់បង្កើតម៉ាកផលិតផលខ្លួនឯង បន្ទាប់ពីអាជីពសិល្បៈ លែងសូវអើពើ។

តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ បានថ្លែងទទួលស្គាល់ថា ការងារសិល្បៈរបស់នាង នៅរយៈកាលប៉ុន្មានឆ្នាំមកនេះ គឺមិនរីកចំរើនមែន ព្រោះតែនាងមិនសូវខ្វាយខ្វល់ និងយកចិត្តទុកដាក់ រក្សាប្រជាប្រិយភាពរបស់ខ្លួន។ មូលហេតុទាំងអស់នេះ គឺដោយសារតែនាង បានសម្រេចចិត្តដើរចេញពីគន្លងចាស់របស់ម្ដាយខ្លួន និងងាកមកចាប់អាជីពជាអ្នកកែសម្ផស្ស និងសម្រេចចិត្តចេញទៅសិក្សាជំនាញនេះ នៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។

អ្នកនាង ជុង សារ៉ាច័ន្ទ បានថ្លែងប្រាប់ Fresh News Plus ថា ជាការពិត ​ក្នុងនាមរូបនាងជាកូនច្បងនៅក្នុងគ្រួសារ ​ត្រូវទទួលរ៉ាប់រងទាំងអស់ ទៅលើកម្រិតជីវភាពគ្រួសារ បន្ទាប់ពីម្ដាយរបស់ខ្លួន​បានលាចាកលោកនេះទៅ។ ការងារក្នុងវិស័យសិល្បៈបង្ហាញម៉ូដ ក៏មិនសូវទទួលបានចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់គ្រួសារ ទើបនាងសម្រេចចិត្តចាប់យកការរកស៊ី ជាមួយនឹងការលក់ផលិតផលកែសម្ផស្ស និងទៅរៀនជំនាញកែសម្ផស្ស នៅប្រទេសវៀតណាម។

ជុង សារ៉ាច័ន្ទ និយាយថា «ចាប់ពីចាប់អាជីពនេះ​ ពីអ្នករៀនម្នាក់​ តែរកចំណូលបានបន្តិចបន្តួច រហូតរៀនចប់សន្សំលុយបើកហាងដោយខ្លួនឯង​។ ខ្ញុំមិនហ៊ានជួលបុគ្គលិក​ទេ​ ឈរចាក់តែម្នាក់ឯង​ រៀបផង​ ចាក់​ផង​ សំអាតផង​ គិតលុយផង​ ទទួលភ្ញៀវផង​ លើកទូរសព្ទ័ផង​។ ទំរាំមកដល់ថ្ងៃនេះ​ ខ្ញុំប្តូរកន្លែងពីមួយទៅមួយ​ដោយសារគេរុកគួន​ ជាមួយគ្នាឯងប៉ុន្មាននាក់ហ្នឹង...!។ ពីម្នាក់ឯងរហូត​មានបុគ្គលិក​ មានសិស្ស​ជាច្រើនចូលមកជារៀងរាល់ថ្ងៃ។ ពីហាងដែលខ្វះនេះខ្វះនោះ​ រហូតអាចរីកចំរើនបានដល់ថ្ងៃនេះ..!»

«ខ្ញុំពិតជាសប្បាយចិត្ត នឹង​សមិទ្ធផល​នេះណាស់​ ព្រោះវាមិនមែនជារឿង​ចៃដន្យ​ តែវាជាការតាំងចិត្ត​ និង​​មានទទួលខុសត្រូវចំពោះភ្ញៀវជាច្រើនកន្លងមក។ អគុណមនុស្សដែលនៅក្បែរខ្លួនខ្ញុំ ដែលតែងតែនៅក្បែរផ្តល់គំនិត​ កំរៃ​ ពេលវេលា​ ភាពកក់ក្តៅ​ លើកទឹកចិត្ត​រហូតមក..!»។ ជុង សារ៉ាច័ន្ទ បញ្ជាក់បន្ថែម។

រហូតមកដល់ពេលនេះ អតីតតារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ កំពុងក្ដាប់ជំនួញក្នុងដៃ ដោយបានបើកហាង​ខ្លួនឯង ​ដែលទទួលស្គាល់ត្រឹមត្រូវ តាមប្រកាសរបស់ក្រសួងសុខាភិបាល ចំនួន៣កន្លែងមានឈ្មោះថា «N.22 Beauty Klinik»។ ទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១, សាខាទី២ នៅសង្កាត់ស្ទឹងមានជ័យ និងសាខាទី៣ ស្ថិតនៅខេត្តសៀមរាប។ ជុង សារ៉ាច័ន្ទ ចង់ឲ្យមានកូនខ្មែរ មានចំណេះដឹងលើកការកែសម្ផស្សនេះកាន់តែច្រើន ដោយមិនចាំបាច់ពឹងលើគ្រូពេទ្យបរទេសជាជំនួយ ព្រោះនាងជឿជាក់ថា ខ្មែរអាចធ្វើបាន ព្រោះតែហាងកែសម្ផស្សរបស់នាង ពុំមានគ្រូពេទ្យបរទេសឡើយ។

ជុង សារ៉ាច័ន្ទ បានប្រកាសស្វែងរកអតិថិជន និងតំណាងចែកចាយតាមបណ្ដាខេត្តនានា ដើម្បីទទួលបាននូវការទិញ «ប្រេនឆាយ» យកទៅលក់បន្ត ដោយទទួលបានការបង្ហាត់ជំនាញ ត្រឹមត្រូវពីសំណាក់រូបនាងផ្ទាល់ មុននឹងបើកសាខាតាមខេត្តនោះ ផងដែរ៕