(ភ្នំពេញ)៖ អ្នកគាំទ្រ និងមហាជនទូទៅ បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីនៅសុខៗ នាប៉ុន្មាននាទីមុននេះ ស្រាប់តែតារាចម្រៀង មាស សុខ​សោភា បានប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា នាងបានសម្រេចចិត្តទាំងតានតឹងក្នុងអារម្មណ៍ ដើរចេញពីផលិតកម្ម ថោន ដែលជាទ្រនំធ្លាប់ជ្រកសាងភាពល្បីល្បាញ ក្នុងវិស័យសិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ។

តារាចម្រៀង មាស សុខសោភា បានបង្ហាញសារដ៏គួរឲ្យចាប់អារម្មណ៍ បញ្ជាក់ពីការដើរចេញពីផលិតកម្មថោន ទាំងអាឡោះអាល័យ ខណៈអារម្មណ៍របស់នាង ហាក់មិនទាន់ដាច់ចិត្ត ចង់ចេញពីផលិតកម្មដ៏ធំមួយនេះឡើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេថា តើមានមូលហេតុអ្វីធំ និងមានបញ្ហាចម្រូងចម្រាស់គ្នាអ្វីខ្លះ ទើបដល់ថ្នាក់វេចបង្វេចចាកចេញបែបនេះ។

មាស សុខសោភា បញ្ជាក់ថា «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើ​ល្អរបស់បងទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំ នាពេលកន្លងមក ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា»

«អរគុណដល់បងប្អូនទាំងអស់ ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រឡាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែង ផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។ មាស សុខសោភា បញ្ជាក់បន្ថែម។

ជុំវិញរឿងរ៉ាវចាកចេញពីផលិតកម្ម ថោន គួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ Fresh News Plus បានធ្វើការទាក់ទងទៅកាន់តារាចម្រៀង មាស សុខសោភា ដើម្បីឲ្យនាងបងស្រាយបំភ្លឺ ពីមូលហេតុនៃការដើរចេញ​ ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបានទេ។

ដោយឡែកលោក មាស សុខរតនៈ ជាបងប្រុសបង្កើត បានថ្លែងប្រាប់ Fresh News Plus នៅមុននេះថា តាមការពិតរូបលោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម ថោន ជាមួយនឹងប្អូនស្រី ដោយសារតែដល់ថ្ងៃកំណត់ បញ្ចប់​កិច្ចសន្យាជាមួយនឹងផលិតកម្ម។ ម្យ៉ាងវិញទៀត លោក និងប្អូនស្រីក៏ត្រូវមើលការខុសត្រូវ មុខជំនួញរកស៊ីរបស់ខ្លួនផងដែរ ទើបសម្រេចចិត្តចាកចេញ ដោយមិនបន្តកិច្ចសន្យាទៀតឡើយ។

សូមបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា មួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាមិនមានសកម្មភាពសិល្បៈខ្លាំង ចេញបទច្រៀងច្រើនក្នុងផលិតកម្ម ដូចពីពេលមុននោះទេ ព្រោះតែនាងមានភារកិច្ច រវល់ជាប់មើលថែរក្សាប្ដីរបស់នាង ដែលមានជំងឺ ស្របពេលជំងឺកូវីដ១៩វាយលុក​នៅក្នុងប្រទេសកម្ពុជា និងសកលលោក។ យ៉ាងណាមិញ ខណៈដែលនាង ជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយទៀតដែរ គឺផលិតកម្ម «Camtrax» ដែលមានស្វាមីរបស់នាង គឺលោក អ៊ឹត រ៉ាដា ​ជាអ្នកគ្រប់គ្រង។

តាមប្រភពព័ត៌មានឮល្ហិចល្ហៀងពីអ្នកសិល្បៈ​ដូចគ្នា បានបង្ហើបថា តារាចម្រៀង មាស សុខសោភា បន្ទាប់ពីដើរចេញពីផលិតកម្ម ថោន នាងអាចនឹងដឹកដៃបងប្រុសរបស់ខ្លូន ចូលក្នុងផលិតកម្ម រស្មីហង្សមាស ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងការពិចារណា និងចរចាគ្នាសិន៕