(អ៊ុយរូហ្គាយ)៖ ការប្រកួតកីឡាបាល់ទាត់កំពូល របស់ប្រទេសអ៊ុយរូហ្គាយ នឹងចាប់ផ្តើមឡើងវិញ នៅក្នុងខែសីហាខាងមុខ បន្ទាប់ពីបានផ្អាក ដោយសារការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាល ហើយត្រូវបានចុះផ្សាយឲ្យដឹង ដោយសារព័ត៌មានស៊ិនហួថ្ងៃទី១០ ខែមិថុនានេះ។

ការប្រកួតនឹងចាប់ផ្តើមឡើងវិញ ដោយមិនមានអ្នកចូលរួមទស្សនានោះទេ នៅថ្ងៃទី១៥ ខែសីហា, មានរយៈពេលជាង៤ខែ បន្ទាប់ពីរដូវកាលប្រកួត ត្រូវបានផ្អាក ដោយសារជំងឺ COVID-19 បានរីករាលដាល នៅទូទាំងពិភពលោក។

សមាគមន៍បាល់ទាត់អ៊ុយរូហ្គាយ បានឲ្យដឹងថា ការធ្វើតេស្តរកជំងឺ COVID-19 នឹងត្រូវធ្វើឡើងជាទៀងទាត់ ទៅលើកីឡាករ, គ្រូបង្វឹក, បុគ្គលិក និងមន្ត្រីរៀបចំការប្រកួតទាំងអស់។ សមាគមន៍បន្ថែមថា ខ្លួនរំពឹងថា ក្លឹបបាល់ទាត់ទាំងអស់ នឹងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនាតទៅ។

ការប្រកួតបាល់ទាត់នៅអ៊ុយរូហ្គាយ ត្រូវបានផ្អាក នៅថ្ងៃទី១៣ ខែមីនា, រយៈពេល២ថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសថា មានការរីករាលដាល នៃជំងឺ COVID-19។

សូមបញ្ជាក់ថា បើតាមស្ថិតិពីរដ្ឋាភិបាល, អ៊ុយរូហ្គាយ មានករណីវីរ៉ុស COVID-19 ចំនួន៨៤៥ករណី ក្នុងនោះ២៣នាក់បានស្លាប់៕

http://www.xinhuanet.com/english/2020-06/09/c_139125064.htm