(កូរ៉េ)៖ កម្មវិធីរៃអង្គាសប្រាក់សប្បុរសធម៌ ឈ្មោះថា «One In An ARMY» ត្រូវបានបង្កើតឡើង ដោយក្រុមអ្នកគាំទ្រសាកលរបស់ BTS ក្នុងគោលបំណងគាំទ្រចលនាអន្តរជាតិ ប្រឆាំងការរើសអើងពូជសាសន៍។ កម្មវិធីរៃអង្គាសប្រាក់នេះត្រូវបានបង្កើតឡើង បន្ទាប់ពីក្រុមចម្រៀងប្រុសល្បីរបស់កូរ៉េ BTS និងផលិតកម្ម Big Hit បានបរិច្ចាគប្រាក់ ១លានដុល្លារអាមេរិកដល់ចលនាប្រឆាំងការរើសអើងពូជសាសន៍។ រហូតមកដល់ពេលនេះ ទឹកប្រាក់បានកើនដល់ជាង២លានដុល្លារហើយ ត្រូវបានក្រុម BTS និងអ្នកគាំទ្រ បរិច្ចាគដល់ចលនាអន្តរជាតិមួយនេះ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

ជាការកត់សម្គាល់ ក្នុងរយៈពេល២៤ម៉ោងដំបូង កម្មវិធីរៃអង្គាស ដែលបង្កើតដោយក្រុមអ្នកគាំទ្រ BTS ទទួលបានចំនួនទឹកប្រាក់រហូតដល់ ៨១៧,០០០ ដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីអ្នកគាំទ្រម្នាក់របស់ BTS តាមរយៈបង្ហោះសារ Twitter។ បន្ទាប់មកឈានដល់ល្ងាចថ្ងៃអាទិត្យ គេក៏បានបង្ហោះព័ត៌មានបន្ថែមថា ប្រមូលបានប្រាក់ដល់គោលដៅ ១លានដុល្លារ ដែលពួកគេបានកំណត់ហើយ។

ទន្ទឹមគ្នានេះទឹកប្រាក់ដែលពួកគេប្រមូលបាន១លានដុល្លារ នឹងត្រូវផ្ដល់សម្រាប់អ្នកដែលត្រូវបានចាប់ខ្លួន កំឡុងបាតុកម្មប្រឆាំងនឹងអំពើឃោរឃៅប្រព្រឹត្តឡើងដោយប៉ូលិស, ក្រុមអង្គការប្រយុទ្ធប្រឆាំងប្រព័ន្ធអយុត្តិធម៌ និងគាំទ្រដល់សុខភាពរាងកាយ និងផ្លូវចិត្តនៃសហគមន៍ពលរដ្ឋស្បែកខ្មៅ។ នេះបើតាមសំដីដែលអ្នកគាំទ្រ BTS បង្ហោះលើ Twitter។

គួរជម្រាបថា ទឹកប្រាក់របស់ BTS និង ផលិតកម្ម Big Hit ចំនួន១លានដុល្លារ រួមទាំងការរៃអង្គាសដោយក្រុមអ្នកគាំទ្រ BTS បាន១លានដុល្លារ និងប្រមូលបានបន្តបន្ទាប់ទៀត សរុបច្រើនជាង ២លានដុល្លារ ត្រូវបានបរិច្ចាគ ទៅចលនាអន្តរជាតិប្រឆាំងការរើសអើងពូជសាសន៍។ ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លា នៅសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់បុរសជនជាតិស្បែកខ្មៅវ័យ ៤៦ ឆ្នាំ George Floyd ដែលត្រូវបានសម្លាប់ ដោយប៉ូលិសស្បែកស៕